
3
Dec, 2019
ក្រុមការងារ FMIS នឹងចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗនៃប្រព័ន្ធ FMIS ដើម្បីត្រៀមប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០២០
ចាប់ពីថ្ងៃស្អែកទៅ ពោលគឺនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMISផ្ទាល់ដល់ក្រសួង-ស្ថាប័ន និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខ ។
នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះរៀបចំដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងបានបណ្តុះបណ្តាលលើការប្រើប្រាស់ប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នទាំង ១៧ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញបានរួចរាល់ ។ ជាជំហានបន្ទាប់ស្របតាមផែនការសកម្មភាព លេខាធិការដ្ឋានក្រុមការងារនឹងចុះគាំទ្រ និង បង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗនៃប្រព័ន្ធ FMIS បន្ថែមទៀត ដើម្បីធានាថាការអនុវត្តប្រតិបត្តិការចំណូល-ចំណាយនានារបស់ថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកផ្នែកហិរញ្ញវត្ថុអនុវត្តបានត្រឹមត្រូវទៅតាមមុខងារនីមួយៗរហូតអាចផលិតបានរបាយការណ៍ចេញពីប្រព័ន្ធ FMIS មុនឈានទៅប្រើប្រាស់ជាផ្លូវការ ។
គួរជម្រាបជូនថាបច្ចុប្បន្ន ប្រព័ន្ធ FMIS អាចមានលទ្ធភាពផលិតរបាយការណ៍បានយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់សម្រាប់ថ្នាក់ដឹកនាំជាប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ ដើម្បីធ្វើការសម្រេចចិត្តលើការបែងចែកថវិកាបានកាន់តែមានប្រសិទ្ធភាព ដែលរបាយការណ៍ទាំងនោះរួមមាន៖
- ស្ថានភាពចំណូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ស្ថានភាពចំណាយថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- ស្ថានភាពសាច់ប្រាក់
- ចំណូល និងចំណាយថវិកាតាមជំពូក
- ស្ថានភាពចំណាយថវិកាជាតិតាមចំណាត់ថ្នាក់ទាំង៧ នៃមាតិកាថវិកា
- ប្រៀបធៀបចមណាយថវិកាក្នុងឆ្នាំ និងឆ្នាំមុន
- របាយការណ៍វិភាគប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា នានាជាច្រើនទៀតជាបន្តបន្ទាប់ ។