
22
Jun, 2017
ប្រព័ន្ធ FMIS កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៧
លោក អៀច សេដ្ឋា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើបទបង្ហាញមួយអំពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) នៅក្នុងឱកាសនៃការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៧ ដែលធ្វើឡើងនៅក្នុងវិទ្យាស្ថានគមនាគមន៍កម្ពុជា ក្នុងរាជធានាភ្នំពេញ ។
នៅក្នុងចំណោមបេក្ខភាពនៃការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៧ នេះ គេសង្កេតឃើញថា មានស្ថាប័នរដ្ឋចំនួនបីបានចូលរួមប្រកួតប្រជែង ក្នុងនោះមាន “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីររថយន្ត” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន “ Cambodian Public Service App” របស់ក្រសួងមុខងារសាធារណៈ និងចុងក្រោយគឺ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា (CICTA) ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្តល់ឱ្យនូវភាពជោគជ័យផ្នែកវិស័យគមនាគមន៍ និងព័ត៌មានវិទ្យា ក្នុងចំណោមសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ។ ហើយក្នុងឆ្នាំ ២០១៧ នេះ បេក្ខជនដែលទទួលបានជោគជ័យចាប់ពីលេខមួយរហូតដល់លេខបី នឹងទទួលបានទឹកប្រាប់លេខ១ទទួលបានចំនួន ១០.០០០ ដុល្លារអាមេរិក លេខ២ទទួលបានចំនួន ៣.០០០ ដុល្លារអាមេរិក និងលេខ៣ទទួលបានចំនួន ១.០០០ ដុល្លារអាមេរិក ៕