
28
Sep, 2017
ការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធពត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨ ” ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិភាក្សា ប្រមូលធាតុចូល និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរៀបចំដាក់ឱ្យក្រសួង-ស្ថាប័នអនុវត្តប្រព័ន្ធ FMIS នាពេលខាងមុខ។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS កាលពីរសៀលថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្ឋាន វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ។
ថ្លែងបើកក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា កិច្ចពិភាក្សាក្នុងពេលនេះពិតជាមានសារៈសំខាន់សម្រាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តនៅក្រសួង-ស្ថាប័នទាំង១០។
ក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញជូនអង្គប្រជុំពី លក្ខណៈថ្មី (new design) របស់ប្រព័ន្ធ FMIS ដែលមានសុវត្ថិភាព និង ភាពងាយស្រួលប្រើប្រាស់ជាងមុន ជំរុញការអនុវត្តប្រព័ន្ធឈានទៅរកភាពជោគជ័យកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីលើនោះក្រុមការងារក៏បានលើកជាចំណុចសម្រាប់ពិភាក្សាចំនួន៧ ដែលទាក់ទងសំខាន់លើទំនួលខុសត្រូវក្នុង និងក្រៅប្រព័ន្ធ រវាងក្រសួងសេដ្ឋកិច្ចដែលជាអភិបាលហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិដែល ជាគណនេយ្យករសាធារណៈ ព្រមទាំងក្រសួង-ស្ថាប័នដែលត្រូវប្រើប្រាស់ប្រព័ន្ធក្នុងការអនុវត្តថវិកា ។
ជាលទ្ធផលនៃកិច្ចប្រជុំ អគ្គនាយកដ្ឋានពាក់ព័ន្ធបង្ហាញការគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលថ្មីដែលទទួលបានក្នុងន័យបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពរបស់ប្រព័ន្ធចំពោះអ្នកប្រើប្រាស់។ ជាក់ស្តែង ឯកឧត្តម ញឹម ខេមរា អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា បានលើកឡើងថា “យើងពិតជាមិនអាចជំទាស់បានថាប្រព័ន្ធ FMIS ពិតជាបានជួយពន្លឿនរាល់កិច្ចការ និង ការធ្វើផែនការ របស់អគ្គនាយកដ្ឋានថវិកាកន្លងមក” ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបច្ចេកទេសរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងនឹងបន្តធ្វើការពិភាក្សាជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងកំឡុងពេល ១ សប្តាហ៍ ដើម្បីប្រមូលធាតុចូលដាក់ជូនថ្នាក់ដឹកនាំសម្រាប់ធ្វើការសម្រេច មុនការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នឈានចូលមកដល់នាពេលខាងមុខនេះ៕