
2
Aug, 2017
មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទបង្ហាញភាពរីករាយក្នុងការត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ
កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅក្រសួងអភិវឌ្ឃន៍ជនបទ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានចុះទៅបព្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS ស្របទៅតាមសំណើរសុំគ្រូបង្គោល សម្រាប់ធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពផ្នែកប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”។
ឯកឧត្តម ហួត សារីម អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឃន៍ជនបទ បានធ្វើការកោតសរសើរដល់មន្ត្រីដែលជាគ្រូបង្គោល ក៍ដូចជាការថ្លែងអំណរគុណដល់មន្ត្រីនៃនាយកដ្ឋានព័ត៍មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឆ្លៀតឱកាសដ៏មមាញឹកដើម្បីចែករំលែកបទពិសោធន៍ ក្នុងការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ។
តាមរយៈការធ្វើបទបង្ហាញរយៈពេលជិតកន្លះម៉ោងនេះ មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញនូវសេចក្តីរីករាយក្នុងការទទួលយកនូវការប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ ។ ទន្ទឹមនឹងនេះដែរ ក៏មានការចោទជាសំណួរជាច្រើនពីសំំណាក់មន្រ្តីហិរញ្ញវត្ថុជាច្រើនផងដែរ។ ជាក់ស្តែង លោក ចិន ភក្តី មន្រ្តី នៃក្រសួងអភិវឌ្ឃន៍ជនបទមានចម្ងល់យ៉ាងដូច្នេះថា “តើការប្រើប្រាស់ប្រព័ន្ធ FMIS អាចជួយកាត់បន្ថយការសរសេរដោយដៃបានប៉ុន្មាន?”
ឆ្លើយតបទៅនឹងសំណួរនេះ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានព័ត៍មានវិទ្យា បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាអាចជួយសំរួលដល់ការងារសរសរដោយដៃបានច្រើន ថ្វីត្បិតតែសព្វថ្ងៃមិនទាន់បានសម្រេច ១០០% ក៏ពិតមែន។ លោកស្រីបញ្ជាក់បន្ថែមថា ក្រុមការងារនឹងធ្វើការរួមគ្នាជាមួយក្រសួង-ស្ថាប័ន ទាំងអស់ ដើម្បីសម្រេចឱ្យបានជោគជ័យនូវការដាក់ឱ្យអនុវត្តនូវប្រព័ន្ធទំនើបកម្មមួយនេះ ក្នុងការជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ ស្របទៅតាមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងដាក់ទៅកាន់ក្រសួងជាបន្តបន្ទាប់ទៀត បន្ទាប់ការដាក់ឱ្យប្រើប្រាស់សាកល្បងររបស់ក្រសូង ទាំង ១០ រួមមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រេសនីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា ៕