
17
Aug, 2018
រយៈពេលមួយសប្តាហ៍ ក្រុមការងារ FMIS សម្រេចបាន៥ក្រសួង-ស្ថាប័ន នៃការចុះសិក្សាពីកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធ FMIS និងប្រមូលធាតុចូលបន្ថែមនៅក្រសួងទាំង១០
គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ពោលគឺមានរយៈពេលមួយសប្តាហ៍ ចាប់តាំងពីការបំពេញបេសកកម្មរបស់ខ្លួនក្នុងការចុះសិក្សាពីកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធ FMIS និងប្រមូលធាតុចូលបន្ថែមនៅក្រសួង-ស្ថាប័នទាំង១០ ដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការចាប់តាំងពីដើមឆ្នាំ២០១៨ កន្លងមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានកិច្ចការខាងលើនេះចំនួន៥ក្រសួង-ស្ថាប័នហើយ ។ ក្រសួង-ស្ថាប័នទាំងនោះមាន ក្រសួងបរិស្ថាន (រួមទាំងអាណាប័កផ្ទេរសិទ្ធិ), ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ក្រសួងមុខងារសាធារណៈ ។ ការចុះសិក្សានេះ ក្នុងគោលបំណងដើម្បីវាយតម្លៃកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធ FMIS និងប្រមូលធាតុចូលបន្ថែមពីអ្នកប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អដំណើរការ និងការអនុវត្តប្រព័ន្ធ FMIS ឱ្យកាន់តែប្រសើរ ។
ជាការកត់សម្គាល់ ក្រសួងទាំងប្រាំទទួលស្វាគមន៍ក្រុមការងារ FMIS បានយ៉ាងល្អ ជាពិសេសបានជួយសម្រួលឱ្យដំណើរការនៃការសិក្សានេះប្រព្រឹត្តទៅប្រកបដោយរលូន ។ ជាងនេះទៅទៀត មន្ត្រី រូមទាំងថ្នាក់ដឹកនាំ ដែលប្រើប្រាស់ប្រព័ន្ធ FMIS មកពីក្រសួង-ស្ថាប័នទាំងប្រាំ បានលើកឡើងពីបញ្ហាមួយចំនួនដាក់ជូនក្រុមការងារដើម្បីដោះស្រាយ ក្នុងន័យឱ្យការអនុវត្តប្រព័ន្ធ FMIS ដំណើរការទៅប្រកបដោយភាពជោគជ័យ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារ FMIS ក៏បានដោះស្រាយរួចរាល់នូវបញ្ហាដែលបានលើកឡើងភ្លាមៗដោយមន្ត្រីប្រើប្រាស់ FMIS ផ្ទាល់តែម្តង។
គួរជម្រាបជូនថា ក្រសួង-ស្ថាប័នទាំង១០ ដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការចាប់តាំងពីដើមឆ្នាំ២០១៨កន្លងមករួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (រួមទាំងអាណាប័កផ្ទេរសិទ្ធិ), ក្រសួងបរិស្ថាន (រួមទាំងអាណាប័កផ្ទេរសិទ្ធិ), ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងមុខងារសាធារណៈ, ក្រសួងកិច្ចការនារី, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ។