
13
Jul, 2018
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងតំណាងក្រុមហ៊ុន Oracle និង ក្រុមហ៊ុន First Cambodia ពិភាក្សាពីការវិវឌ្ឍនៃការពង្រីកមជ្ឈមណ្ឌលទិន្នន័យរបស់ប្រព័ន្ធ FMIS
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងតំណាងមកពីក្រុមហ៊ុន Oracle និង ក្រុមហ៊ុន First Cambodia បានប្រជុំពិភាក្សាអំពី ការបន្តចាប់ផ្តើមដំណើរការគម្រោង លើការផ្គត់ផ្គង់ការពង្រីកមជ្ឈមណ្ឌលទិន្នន័យរបស់ប្រព័ន្ធ FMIS សម្រាប់គម្រោង FMIS ជំហានទី២ ។
ការពង្រីកមជ្ឈមណ្ឌលទិន្នន័យសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលហៅកាត់ថា ប្រព័ន្ធអេហ្វ អឹម អាយ អេស (FMIS) ជំហានទី២ នឹងមានសមត្ថភាពទ្រទ្រង់ដល់អ្នកប្រើប្រាស់ចំនួន ៣០០០ នាក់ ហើយមជ្ឍមណ្ឌលទិន្នន័យនេះ នឹងបំពាក់ដោយបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ (State of the Art Technologies) សមស្របតាមស្ដង់ដារមជ្ឈមណ្ឌល ទិន្នន័យ (Compliance to Data Center Standard), កាត់បន្ថយការបំពុលបរិស្ថាន (Go green) និង បំពាក់ទៅដោយឧបករណ៍ការពារសុវត្ថិភាពដ៏រឹងមាំ (Robust security) ដើម្បីទប់ទល់ដល់ការវាយប្រហារជាយថាហេតុណាមួយ ។
គួរជម្រាបជូនថា សម្រាប់ជំហានទី២ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យអនុវត្តជាមួយក្រសួងចំនួន១០ កាលពីដើមឆ្នាំ២០១៨ រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងប្រៃសណីយ៍, ក្រសួងបិរស្ថាន, ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ និងកំពុងបន្តអនុវត្តជាមួយក្រសួង១០ ផ្សេងទៀតមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងទេសចរណ៍ រួមទាំងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ លើមុខងារស្នូលចំនួន៤ គឺមុខងារវិភាជន៍ថវិកា មុខងារការទិញ មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ ។