+855 23 43 00 63

9

Mar, 2018

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់បេសកកម្មទៅកាន់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន៦ ដោយជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបំពេញបេសកម្មរបស់ខ្លួនទៅកាន់មន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចំនួន៦ខេត្តហើយ ក្នុងនោះរួមមាន៖ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តតាកែវ, កំពង់ស្ពឺ, កំពត, កោះកុង, កែប និង ព្រះសីហនុ កាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងសិក្សារៀបចំជានីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ព្រមទាំងសិក្សាពីទីតាំងផងដែរ ។

ដើម្បីឱ្យការបំពេញបេសកកម្មនេះទទួលបានជោគជ័យ លេខាធិការដ្ឋាន FMWG បានបែងចែកក្រុមការងារចំនួនបីផ្សេងគ្នា ក្នុងនោះមាន ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងទំនាក់ទំងនង ដែលការងារចំបងរបស់ក្រុមនេះ គឺការចុះប្រមូលទិន្នន័យអំពីការត្រៀមខ្លួន (CRA) របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ។ ការងារស្នូលមួយទៀតរបស់ក្រុមនេះផងដែរ គឺការសម្របសម្រួល ក៏ដូចជាទំនាក់ទំនងជាមួយនឹងមន្ទីរ ដើម្បីឱ្យដំណើរការនៃការបំពេញបេសកកម្មនេះប្រកបដោយរលូន ។ រីឯក្រុមមួយទៀតនោះគឺ ក្រុមការងារមុខងាររបស់ប្រព័ន្ធ FMIS ដោយក្នុងនោះមានមុខងារសំខាន់ៗចំនួន៤ គឺមុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ ដែលមុខងារទាំងបួននេះ នឹងដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត ។ ការងារចំបងរបស់ក្រុមការងារមុខងាររបស់ប្រព័ន្ធ គឺការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS និងការសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីយកមកសិក្សា និងរៀបចំជានីតិវិធីអនុវត្តការងារជាមួយប្រព័ន្ធ FMIS ។ ចំណែកឯក្រុមការងារចុងក្រោយនោះគឺ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមការងារនេះ នឹងចុះសិក្សាអំពីទីតាំងសម្រាប់ដំឡើងឧបករណ៍របស់ប្រព័ន្ធ FMIS ។

តាមរយៈការចុះបំពេញបេសកកម្មទៅកាន់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចំនួន៦ខេត្ត កន្លងមកនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ពីសំណាក់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង៦ ។ ទន្ទឹមនឹងនេះ ក្រុមការងារបានប្រមូលធាតុចូល      សំខាន់ៗ មួយចំនួនដូចជា ការទទួលបានអត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS និង បានកំណត់ទីតាំងរួចរាល់ក្នុងការដំឡើងឧបករណ៍របស់ប្រព័ន្ធ FMIS ព្រមទាំងទទួលបានព័ត៌មានជាក់លាក់នូវនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ FMIS នឹងបន្តការចុះបេសកម្មទៅកាន់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តចំនួន ៦ទៀត នៅសប្តាហ៍បន្ទាប់ ក្នុងនោះរួមមានខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ មណ្ឌលគីរី រតនគីរី និង ស្ទឹងត្រែង ។