
31
May, 2018
ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាល “FMIS Refreshment Training” សម្រាប់មន្ត្រីមកពីក្រសួង-ស្ថាប័នចំនួន១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិកំពុងប្រើប្រាស់ប្រព័ន្ធ FMIS
ក្នុងគោលបំណងបំពេញបន្ថែមលើសំណូមពរដែលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានស្នើសុំតាមរយៈ Training Need Assessment បញ្ជាក់បន្ថែមលើបញ្ហា ដែលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជួបជាប្រចាំ ដូចជាការស្នើសុំឱ្យ Reset Password ញឹកញាប់, ការបង្ហាញអំពីរបៀបប្រើប្រាស់ Windows Remote Assistance ឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានយល់ និងងាយស្រួលប្រើប្រាស់ក្នុងការទំនាក់ទំនងមកក្រុមការងារផ្នែកគាំទ្រប្រព័ន្ធ ព្រមទាំងបង្ហាញដោយសង្ខេបលើមុខងារចំនួន៤ ដែលថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់កំពុងប្រើប្រាស់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាល “FMIS Refreshment Training” សម្រាប់មន្ត្រីមកពីក្រសួង-ស្ថាប័នចំនួន១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ នៅក្នុងជំហានទី២ នេះ ។ កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្នុងនោះលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបានបង្ហាញអំពីចំណុចខ្លីៗ និង ងាយស្រួលចាំនៃមុខងារប្រព័ន្ធនីមួយៗ ដើម្បីរំលឹកឡើងវិញជូនអ្នកប្រើប្រាស់ ព្រមទាំងលើកឡើងនូវរាល់បញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់តែងតែជួបប្រទះ និង លើកយកមកបកស្រាយបំភ្លឺនាថ្ងៃនោះ។
គួរជម្រាបជូនថា កាលពីដើមឆ្នាំ២០១៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ ជាផ្លូវការ នៅតាមក្រសួង-ស្ថាប័នចំនួន១០ ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេសិទ្ធិ ។ ហើយនៅឆ្នាំ២០១៩ ឆាប់ៗនេះ FMIS នឹងត្រូវដាក់ឱ្យអនុវត្តជាជាផ្លូវការនៅតាមក្រសួង-ស្ថាប័នចំនួន១០ បន្ថែមទៀត រួមទាំងគ្រប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ៕