+855 23 43 00 63

21

May, 2014

ការទទួល​ជួប​គណៈប្រតិភូ​របស់​ប្រទេស Madagascar ដោយក្រុម​ការងារ FMWG

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) របស់​កម្ពុជា បានទទួល​ជួប​គណៈប្រតិភូ​របស់​ប្រទេស Madagascar ដើម្បី​ចែ​ករ​ម្លែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង FMIS របស់ខ្លួន។

នៅក្នុង​កិច្ចប្រជុំ​នោះ គណៈប្រតិភូ​របស់​ប្រទេស Madagascar បានធ្វើ​បទ​បង្ហាញ​អំពី​ប្រព័ន្ធ FMIS របស់ខ្លួន ដែលមាន​ឈ្មោះថា SIGFP (Systeme Integre de Gestion des Finances Publiques – An Integrated System of Public Finance Management) ដោយបាន​ចាប់ផ្ដើម​គម្រោង​តាំងពី​ឆ្នាំ ១៩៩៧ មក​ម្លេះ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​នៅ​ដំណាក់កាល​ដំបូង​ក្នុង​ឆ្នាំ ២០០២ ។ ប្រព័ន្ធ FMIS របស់ Madagascar គឺជា​ប្រព័ន្ធ​ដែល​បង្កើតឡើង​ដោយក្រុម​អ្នកព័ត៌មាន​វិទ្យា​ក្នុងស្រុក (In-house Development System) មិនមែនជា​ប្រព័ន្ធ​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ (COTS – Commercial off-the-shelf)ឡើយ ហើយ​ជា​ប្រព័ន្ធ​ដែល​មិនមាន​លក្ខណៈ​សមាហរណកម្ម​ទិន្នន័យ​ពេញលេញ​នោះទេ គឺ​ប្រើប្រាស់​ប្រព័ន្ធ​ដាច់​ដោយឡែកៗពីគ្នា​ពី​នាយកដ្ឋាន​មួយ​ទៅ​នាយកដ្ឋាន​មួយទៀត ។ ទាំងនេះ ជាហេតុ​ផល​ដែល​ធ្វើឱ្យ​ប្រទេស​នេះ កំពុង​សម្លឹង​រកមើល​ប្រព័ន្ធ​ថ្មី​មួយ​ដែលមាន​លក្ខណៈ​សមាហរណកម្ម​ទិន្នន័យ​ហិរញ្ញវត្ថុ​សាធារណៈ​ពេញលេញ​ក្នុងពេល​ឆាប់ៗនេះ។

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS របស់​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​អំពី​ការអនុវត្ត​គម្រោង FMIS កន្លងមក ដោយ​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ដំណាក់កាល​អនុវត្ត​កិច្ចសន្យា​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS ដោយ​ប្រើប្រាស់​ផលិតផល Oracle PeopleSoft Financial និង​គ្រោង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ FMIS ក្នុង​ពាក់កណ្ដាល​ឆ្នាំ២០១៥ នៅ​ថ្នាក់កណ្ដាល និង​បន្ត​ដាក់ឱ្យអនុវត្ត​នៅ​គ្រប់​រតនាគារ​រាជធានី-ខេត្ត​រហូតដល់​ត្រីមាស​ទី១ឆ្នាំ ២០១៦ ។ ក្រុមការងារ​របស់​កម្ពុជា បានផ្ដល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​សម្លឹង​រក​ប្រព័ន្ធ​ថ្មី​របស់ Madagascar ដោយ​កម្ពុជា​បាន​ឆ្លងកាត់​បទពិសោធន៍​ក្នុងការ​ដេញថ្លៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដែលមាន​លក្ខណៈ​អន្តរជាតិ (COTS) ដើម្បី​ដាក់​អនុវត្ត​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា និង​បានរៀបចំ​របៀប​នៃ​ការគ្រប់គ្រង​គម្រោង FMIS នេះ​ប្រកបដោយ​ភាព​ហ្មត់ចត់​ដែល​អាច​ត្រៀមលក្ខណៈ​ទទួលខុសត្រូវ​ដោយខ្លួនឯង​បាន​បន្ទាប់ពី​ការចាកចេញ​ទៅវិញ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅពេល​ចប់​កិច្ចសន្យា ។ គណៈប្រតិភូ​របស់ Madagascar បានលើកឡើង​នូវ​សំណួរ​ល្អៗជាច្រើន​ដើម្បីឱ្យ​កម្ពុជា​ជួយផ្ដល់​អនុសាសន៍​និង​ចែ​ករ​ម្លែក​បទពិសោធន៍ សម្រាប់​ពួកគេ​ត្រៀមលក្ខណៈ​បោះជំហាន​តាម​គំរូ​នេះ​នៅ​ថ្ងៃ​អនាគត ។