+855 23 43 00 63

27

Dec, 2022

ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ៩៨% នៃសូចនាករសម្រាប់អនុវត្តឆ្នាំ ២០២២

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃ សុក្រ ១កើត ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នំា ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២២ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ដែលមានការចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោង FMIS អញ្ជើញមកពីអគ្គនាយកដ្ឋានរតនាគារជាតិ,អគ្គនាយកដ្ឋានថវិកា,អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ,អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល,អគ្គាធិការដ្ឋាន,អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, វិទ្យាស្ថានជាតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ស្របតាមផែនការសកម្មភាពដែលបានដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានខិតខំអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបានតាមសូចនាករដែលបានកំណត់ ដោយផ្តោតក្នុងការពង្រឹង និង ពង្រីកសមត្ថភាព និង ការប្រើប្រាស់ប្រព័ន្ធ FMIS ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២២ ដោយបញ្ជាក់ថាថាសម្រេចបាន ៩៨% នៃសូចនាករដែលបានដាក់ឡើងកាលពីដើមឆ្នាំ ២០២២ ដែលរួមមានទាំងការងារពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋនាថ្មីៗ ការអភិវឌ្ឍន៍មុខងារថ្មីបន្ថែម និង ការពង្រឹងការអនុវត្តគម្រោងលើការអភិវឌ្ឍរបាយការណ៍ក្នុងប្រព័ន្ធបន្ថែម ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានលើនីតិវិធីទូទាត់ថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ។
សមិទ្ធសំខាន់ៗដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានដែលជាចលករដ៏សំខាន់ដែលនាំឱ្យមានការផ្លាស់ប្តូរយ៉ាងធំមួយសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖

– ឆ្នាំ ២០២២ បានដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ចំនួន ៣៥ ការដ្ឋាន និង បានដំឡើងហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធរួចរាល់ដើម្បីត្រៀមដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២៣ បានចំនួន ១៤ ការដ្ឋាន
– ឆ្នាំ ២០២២ បានដាក់ឱ្យប្រើប្រាស់មុខងារលទ្ធកម្មពេញលេញចំនួន ៣៤ ការដ្ឋាន និង បានដំឡើងរួចរាល់ដើម្បីត្រៀមអនុវត្តនៅឆ្នាំ ២០២៣ ចំនួន ២៥ ការដ្ឋាន
– ឆ្នាំ ២០២២ បានដាក់ឱ្យប្រើប្រាស់មុខងាររៀបចំផែនការថវិកាចំនួន ១១ ការដ្ឋាន និង បានដំឡើងរួចរាល់ដើម្បីត្រៀមអនុវត្តនៅឆ្នាំ ២០២៣ ចំនួន ៣៧ ការដ្ឋាន
– បានរៀបចំ និង អភិវឌ្ឍរបាយការណ៍ក្នុងប្រព័ន្ធ FMISសរុបចំនួន ៤៣ របាយការណ៍ដែលក្នុងនោះមានទាំងរបាយការណ៍សម្រាប់ក្រសួង-ស្ថាប័ន, សម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សម្រាប់រដ្ឋបាលរាជធានី-ខេត្ត និង សម្រាប់រតនាគាររាជធានី-ខេត្តទាំង ២៥ និង Query តាមមុខងារសរុបចំនួន ១៧ ។ ក្នុងនោះផងដែរ ក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបានទាញរបាយការណ៍ប្រើប្រាស់ពីប្រព័ន្ធ FMIS ជាមធ្យមសុរបចំនួន ១,៤០០ ដងក្នុងមួយខែ, រដ្ឋបាលរាជធានី-ខេត្តបានទាញរបាយការណ៍ប្រើប្រាស់ពីប្រព័ន្ធ FMIS ចំនួន ១២០ ដងក្នុងមួយខែ, សម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តបានទាញរបាយការណ៍ចំនួន ៨៧០ ដងក្នុងមួយខែ និង សម្រាប់រតនាគាររាជធានី-ខេត្តបានទាញរបាយការណ៍ប្រើប្រាស់ពីប្រព័ន្ធ FMIS សរុបចំនួន ៨០០០ ដងក្នុងមួយខែ ។
– ក្នុង ឆ្នាំ ២០២២ ការប្រើប្រាស់ចំណាត់ថវិកាក្នុងប្រព័ន្ធ FMIS ក៏មានការប្រើប្រាស់គួរឱ្យកត់សម្គាល់សម្រាប់ការអនុវត្តចំណាយមូលធនថ្នាក់ជាតិគឺមានការប្រើប្រាស់ ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច,ចំណាត់ថ្នាក់រដ្ឋបាល,ចំណាត់ថ្នាក់ភូមិសាស្រ្ត,ចំណាត់ថ្នាក់គម្រោង,ចំណាត់ថ្នាក់កម្មវិធី,ចំណាត់ថ្នាក់មូលនិធិបាន ៩៩ % និង ចំណាត់ថ្នាក់មុខងារបាន ៧៧% និង សម្រាប់ការអនុវត្តចំណាយមូលធនថ្នាក់ក្រោមជាតិអនុវត្តចំណាត់ថ្នាក់ថវិកាបាន១០០%លើចំណាត់ថ្នាក់សេដ្ឋកិច្ច,ចំណាត់ថ្នាក់ភូមិសាស្រ្ត,ចំណាត់ថ្នាក់មូលនិធិ,ចំណាត់កម្មវិធី,ចំណាត់ថ្នាក់រដ្ឋបាលប្រើប្រាស់ ៩២%,ចំណាត់ថ្នាក់គម្រោង ៥១% និងចំណាត់ថ្នាក់មុខងារ ៤០%។ ចំណាត់ថ្នាក់ថវិកានៃការអនុវត្តថវិកាចរន្តថ្នាក់ជាតិគឺមានការប្រើប្រាស់ ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច,ចំណាត់ថ្នាក់មូលនិធិ,ចំណាត់ថ្នាក់កម្មវិធី,ចំណាត់ថ្នាក់រដ្ឋបាលប្រើប្រាស់បាន ៩៤% ,ចំណាត់ថ្នាក់គម្រោង ២% និង ចំណាត់ថ្នាក់មុខងារ ១៨% និង ណាត់ថ្នាក់ថវិកានៃការអនុវត្តថវិកាចរន្តថ្នាក់ក្រោមជាតិគឺមានការប្រើប្រាស់ ១០០% លើចំណាត់ថ្នាក់សេដ្ឋកិច្ច,ចំណាត់ថ្នាក់ភូមិសាស្រ្ត និង ចំណាត់ថ្នាក់កម្មវិធី, ចំណាត់ថ្នាក់រដ្ឋបាលប្រើប្រាស់ ៩៤% , ចំណាត់ថ្នាក់មុខងារបាន ៤៣%,ចំណាត់ថ្នាក់មូលនិធិ ៩៩% និង ចំណាត់ថ្នាក់គម្រោង មិនមានការប្រើប្រាស់ឡើយ។

– បានធ្វើការសន្ធានកម្មជាមួយធនាគារជាតិនៃកម្ពុជា, ធនាគារពាណិជ្ជ ដើម្បីផ្លាស់ប្តូរអត្រាការប្រាក់,ការទាញបញ្ចូលរបាយការណ៍ដោយស្វ័យប្រវត្ត,កាត់បន្ថយកំហុសឆ្គងខាងក្រៅនិងចំណេញពេលវេលា និង ការផ្ទៀងរបាយការណ៍ដោយស្វ័យប្រវត្ត ។ ក្នុងនោះដែរប្រព័ន្ធ FMIS ក៏បានធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងដូចជា ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS),ប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការរបស់ក្រសួងមុខងារសាធារណៈ,ប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ,ប្រព័ន្ធ ACYUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ប្រព័ន្ធគ្រប់គ្រងបំណុល (DMFAS) របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ដែលការធ្វើសន្ធានកម្មនេះទទួលបាននូវការកាត់បន្ថយការអនុវត្តការងារស្ទួនគ្នា និង កាត់បន្ថយនីតិវិធីខាងក្រៅ, ទទួលបានទិន្នន័យទាន់ពេលវេលា,សុក្រឹត្យភាព,សង្គតិភាព,និងងាយស្រួលស្វែងរកទិន្នន័យ។ លើសពីនេះការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចដោយស្វ័យប្រវត្ត (Electronic Fund Transfer) ក្នុងប្រព័ន្ធ FMIS ជាមួយធនាគារជាតិនៃកម្ពុជា,ធនាគារកាណាឌីយ៉ា និង ធនាគារអេស៊ីលីដា
– បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal ជំហានទី ១) ទៅកាន់រដ្ឋបាលស្រុកចំនួន ៧៥ និង រដ្ឋបាលឃុំចំនួន ១៨៥ ព្រមទាំងត្រៀមដាក់ឱ្យប្រើប្រាស់យ៉ាងតិចចំនួន ៥០០ រដ្ឋបាលស្រុក-ឃុំ
– បានបង្កើតឱ្យមានកម្មវិធីកញ្ចក់ថវិកាដែលជាកម្មវិធីរបាយការណ៍ឌីជីថលដែលនឹងក្លាយជាថ្នាលប្រមូលផ្តុំទិន្នន័យឌីជីថលទាំងទិន្នន័យហិរញ្ញវត្ថុ និង ទិន្នន័យមិនមែនហិរញ្ញវត្ថុ និង កម្មវិធីត្រួតពិនិត្យតាមដានប្រតិបត្តិការ ដែលអាចបង្ហាញពីស្ថានភាពប្រតិបត្តិការផ្សេងតាមមុខងារនីមួយៗរបស់មុខងារក្នុងប្រព័ន្ធ និង តាមដានការអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុងផងដែរ
– ជាពិសេសបានដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងដោយមិនមានប្រើប្រាស់ក្រដាស្នាម សម្រាប់ឆ្នាំ ២០២២ លើនីតិវិធីចំណាយការបើកផ្តល់បៀវត្សនិងចំណាយលើបន្ទុកបុគ្គលិកផ្សេងនិងនីតិវិធីចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបចំនួន ៣៤ ក្រសួង-ស្ថាប័ន ដែលបានកាត់តម្រឹមពីការអនុវត្តនៅ ៣០កន្លែងមកត្រឹម ១០កន្លែង និងពី ៥០ជំហានមកត្រឹម ១៣ជំហាន, និតិវិធីចំណាយថវិកាចរន្តនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងបរិស្ថាន ដែលបានកាត់បន្ថយពី៥២ជំហានមកត្រឹមក្រោម ២០ជំហាន , និង នីតិវិធីចំណាយថវិកាចរន្តមុខងារសញ្ញាដែលមិនមានធានាចំណាយជាមុនចំនួន ៨ ក្រសួង ។
ទន្ទឹមគ្នានេះដែរ អង្គប្រជុំទាំងមូលបានបន្តធ្វើការពិភាក្សា និងសំណូមពរទៅលើ ៤ ចំណុចធំៗ ដែលជាធាតុចូលចម្បងៗ សម្រាប់ការបន្តទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ ២០២៣ ខាងមុខ រួមមាន៖ ការរៀបចំ និង អភិវឌ្ឍលើមុខងារថ្មី (មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, Asset Management), ការអនុវត្តលើមុខងារថ្មី ២ (មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ), ការរៀបចំប្រព័ន្ធ FMIS សម្រាប់ការប្រើប្រាស់នៅគ្រឹះស្ថានសាធារណៈរដ្ឋបាល និង ការអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ។
សូមរំលឹកផងដែរថា កិច្ចប្រជុំបានបញ្ចប់ទៅដោយមានការចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ដែលជាធាតុចូលដ៏សំខាន់នៅក្នុងការបន្តទិសដៅការងារសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់បន្ថែមថា អង្គប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២២ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS ។