
30
Sep, 2020
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងនៃផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣
នៅរសៀលថ្ងៃ ចន្ទ ១១ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ២៨ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និង មន្ត្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើសេចក្តីព្រាងនៃផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ (២០២១-២០២៥) ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យថ្នាក់ដឹកនាំ និង ក្រុមការងារអនុវត្តគម្រោង FMIS បន្តនូវយន្តការផ្សព្វផ្សាយពីសារប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយភាពជឿទុកចិត្តក្នុងការទាញយកព័ត៌មានចេញពីប្រព័ន្ធ FMIS ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និង សមិទ្ធិផលដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននៅក្នុងជំហានទី២ ព្រមទាំងសេចក្តីព្រាងនៃផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ។ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធបានចូលរួមជជែកពិភាក្សា ក្នុងកម្រិតក្រុមការងារ លើការរៀបចំឯកសារព្រាងផែនការការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ រួមមានទាំងផែនការសកម្មភាពការងារ និង ផែនការថវិកា មុននឹងដាក់ជូនថ្នាក់នាំពិនិត្យ និង សម្រេចជាគោលការណ៍សម្រាប់បន្តអនុវត្តគម្រោង FMIS ជំហានទី៣ ។





