+855 23 43 00 63

29

Jan, 2019

កិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងផែនការសម្រាប់ឆ្នាំ ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងគោលបំណងបន្តពង្រីកការដាក់ឱ្យអនុវត្តគម្រោង FMIS ជាមួយក្រសួង-ស្ថាប័ន ដែលមិនទាន់អនុវត្ត រួមទាំងការស្វែងយល់អំពីវឌ្ឍនភាពនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នបន្ថែមចំនួន១០ សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៩ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងផែនការសម្រាប់ឆ្នាំ ២០១៩” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមទាំងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាជិក-សមាជិកា របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ទាំងអស់។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលសម្រេចបានវឌ្ឍនភាពសំខាន់ៗក្នុងការអនុវត្តគម្រោង FMIS ទៅកាន់អ្នកពាក់ព័ន្ធ ក៏ដូចជាបានធ្វើការពង្រីកមជ្ឈមណ្ឌលទិន្នន័យថ្មីដែលកាន់តែទំនើប និងមានលទ្ធភាពទ្រទ្រង់អ្នកប្រើប្រាស់បានច្រើនជាងមុន និងបានជំរុញដល់ក្រុមការងារឱ្យខិតខំបន្ថែមក្នុងការពង្រីកដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នដែលនៅសេសសល់ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ពីការជំរុញឱ្យមានការចាប់ផ្តើមសិក្សាកាត់បន្ថយនីតិវិធីអនុវត្តការងារពិសេសនីតិវិធីបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ និងការទូទាត់ត្រង់ ដែលអាចជួយជំរុញឱ្យដំណើរទូទាត់បានកាន់តែលឿន និងឆាប់រហ័ស។ ក្នុងនោះដែរ ឯកឧត្តម ក៏បានជំរុញផងដែរ ក្នុងបញ្ចូលព័ត៌មានឱ្យបានពេញលេញពីចំណាត់ថ្នាក់ថវិកា ដើម្បីឱ្យប្រព័ន្ធអាចផលិតរបាយការណ៍ចំណាយតាមចំណាត់ថ្នាក់ថវិកាទាំង៧ដែលអាចមានលទ្ធភាពទាញយករបាយការណ៍សម្រាប់រៀបចំច្បាប់ទូទាត់ថវិកា។

គួរបញ្ជាក់ផងដែរថា ក្នុងការអនុវត្តគម្រោង FMIS នៅជំហានទី១ ឆ្នាំ២០១៤ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអគ្គនាយកដ្ឋានគន្លឹះៗរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានដាក់ឱ្យអនុវត្តនៅរតនាគាររាជធានី-ខេត្តក្នុងឆ្នាំ២០១៦ ទន្ទឹមជាមួយប្រព័ន្ធផ្សងៗដូចជា Kit, KO 7 ។ នៅឆ្នាំ២០១៧ រតនាគាររាជធានី-ខេត្តចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ FMIS តែមួយគត់សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា និងក្នុងឆ្នាំ២០១៨នេះ រតនាគារាជធានី-ខេត្តបានធ្វើការបិទបញ្ជីគណនីសម្រាប់ឆ្នាំ២០១៦ ក្នុងប្រព័ន្ធ FMIS ដោយទទួលបានជោគជ័យ។ បន្ទាប់ពីការអនុវត្តប្រព័ន្ធទទួលបានជោគជ័យនៅជំហានទី១ មក  នៅដើមឆ្នាំ២០១៨ ជំហានទី២ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅក្រសួងចំនួន១០ និងអាណាប័កផ្ទេរសិទ្ធិចំនួន១០ របស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅដើមឆ្នាំ២០១៩ ក្រសួង-ស្ថាប័នថ្មីចំនួន១០បន្ថែមទៀត រួមជាមួយនឹងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥រាជធានី-ខេត្ត ត្រូវបានដាក់ឱ្យអនុវត្តប្រព័ន្ធជាផ្លូវការ។

ក្រសួង-ស្ថាប័នទាំង១០ថ្មី ដែលបាន និងកំពុងអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ នេះរួមមាន៖ ១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ២. ក្រសួងសាធារណការនិងដឹកជញ្ជូន, ៣. ក្រសួងអភិវឌ្ឍន៍ជនបទ, ៤. ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ៥. ក្រសួងទេសចរណ៍, ៦. ក្រសួងពាណិជ្ជកម្ម, ៧. ក្រសួងធនធានទឹក និងឧតុនិយម, ៨. ក្រសួងព័ត៌មាន, ៩. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ១០. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។