
6
Mar, 2020
លទ្ធផល និង ផែនការមេនៃជំហានទី ៣ របស់គម្រោង FMIS
ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី ការពិនិត្យមើលវឌ្ឍនភាពនៃគម្រោង FMIS និង ការរៀបចំផែនការសម្រាប់ជំហានទី៣ ឆ្នាំ ២០២១ -២០២៥ នៃការដាក់ឱ្យអនុវត្តគម្រោង FMIS ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដែលកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់សមាជិកនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ទាំងអស់ ដែលអញ្ជើញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅប្រកបទៅដោយការចូលរួមផ្តល់ជាធាតុចូលយ៉ាងផុសផុលពីអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ការបន្តអភិវឌ្ឍនៅចំណាត់ថ្នាក់ថវិកាទាំង ០៧ និងការរៀបចំផែនការសម្រាប់ការអនុវត្តជំហានទី ០៣ ដែលនឹងឈានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមានឃុំ-សង្កាត់ ក្រុង-ស្រុក។ ជាវឌ្ឍនភាពរបស់គម្រោង FMIS ដែលសម្រេចបាននៅក្នុងជំហានទី០២ នេះរួមមាន៖
- បានដាក់ឱ្យអនុវត្តគម្រោង និងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅការដ្ឋានចំនួន៣៥៨ និងមានអ្នកប្រើប្រាស់សរុប១៦៦២ នាក់
- បានធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធចំនួន ០៤ រួមមាន ASYCUDA ដែលជាប្រព័ន្ធកត់ត្រាចំណូលគយ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋករ, ប្រព័ន្ធ DMFAS ជាប្រព័ន្ធគ្រប់គ្រងបំណុល របស់អគ្គនាយកដ្ឋានសហប្រតិប្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, និងប្រព័ន្ធ NRMIS ជាប្រព័ន្ធកត់ត្រាចំណូលមិនមែនសារពើពន្ធ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ព្រមទាំងត្រៀមធ្វើសន្ធានកម្មជាផ្លូវការនៅក្នុងឆ្នាំ ២០២០នេះ ជាមួយប្រព័ន្ធកត់ត្រាចំណូលសារពើពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ , និង ប្រព័ន្ធ Payroll របស់ក្រសួងមុខងារសាធារណៈ
- ការធ្វើសន្ធានកម្មរបាយការណ៍ធនាគារ ដូចគ្នានេះ ក៏បានប្រព្រឹត្តិទៅជាមួយធនាគារពាណិជ្ជ ចំនួន០៥ ដែលរួមមាន ធនាគារអេស៊ីលីដា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ, ធនាគារកាណាឌីយ៉ា, និង ធនាគារ J Trust Royal
- ក្រុមការងារក៏បាននឹងកំពុងផលិតរបាយការណ៍សម្រាប់ច្បាប់ទូទាត់ដែលសរុបមាន ១០ ប្រភេទ និងមាន ០៤ ដែលកំពុងប្រើប្រាស់ជាផ្លូវការ
- បន្តពង្រឹងការដាក់ឱ្យប្រើប្រាស់មាតិកាថវិកាទាំង ០៧ និងធ្វើការសិក្សាវិភាគ កែសម្រួល បន្ថែម តាមតម្រូវការរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងការប្រើប្រាស់ចំណាត់ថ្នាកថវិកាទាំង ០៧ នេះអោយអស់ពីសមត្ថភាព និងគ្រប់ជ្រុងជ្រោយ
- បានសិក្សានិងរៀបចំកែសម្រួលនិងតម្រង់ទិសនីតិវិធីការងារថ្មីតាមប្រព័ន្ធ FMIS ក្របខណ្ឌកសហវ និងជាប្រតិបត្តិការដែលមានហានិភ័យទាប ដូចជា ចំណាយបន្ទុកបុគ្គលិក និងការទូទាត់ត្រង់ផ្សេងៗទៀតជាដើម
- បាននឹងកំពុងអភិវឌ្ឍមុខងារថ្មីជាអាទ៍ មុខងាររៀបចំថវិកា និងមុខងារលទ្ធកម្មសាធារណៈពេញលេញ
ដោយឡែកក្រុមការងារគ្រប់គ្រងគម្រោងក៏បាននឹងកំពុងរៀបចំផែនការមេសម្រាប់បន្តអនុវត្តគម្រោង FMIS នៅក្នុងជំហានទី ០៣ ២០២១-២០២៥ ដែលរួមមាន ៖
- ការពង្រីកទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ
- ការបន្តតម្រង់ទិសនីតិវិធីអនុវត្តការងារ នៅក្រសួង-ស្ថាប័នចំនួន១ និងសិក្សាពង្រីកបន្ថែម ព្រមទាំងធ្វើអោយបាននូវគោលដៅលុបបំបាត់ក្រដាសក្រៅប្រព័ន្ធ ទាំងស្រុង
- ការដាក់ឱ្យអនុវត្តនូវមុខងារថ្មីនៅក្នុងប្រព័ន្ធ FMIS និងបន្តពង្រីកការប្រើប្រាស់រហូតដល់អង្គភាពថវិកា
- អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង FMIS មុខងារសវនកម្ម
- ធ្វើការទទួលឱ្យបាននូវវិញ្ញាបនបត្របញ្ជាក់ ISO ២៧០០១ នៃមជ្ឈមណ្ឌលទិន្នន័យ FMIS
- សិក្សា និង អភិវឌ្ឍប្រព័ន្ធច្រកបណ្តាញ FMIS (FMIS Portal)
ក្នុងកិច្ចប្រជុំដដែលនេះអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានផ្តល់ជាធាតុចូលក្នុងការពង្រឹង ពន្លឿន និងពង្រីកការអនុវត្តនេះឱ្យប្រកបទៅដោយសាមគ្គីភាព និងប្រសិទ្ធភាព ចំពោះការពង្រីការគម្រោង FMIS ទៅកាន់ថ្នាក់ក្រោមជាតិ ដែលគួរមានការគិតគូរចំពោះការអភិវឌ្ឍនូវមុខងារស្កេនឯកសារមកកាន់ថ្នាក់កណ្តាល ដើម្បីសម្រួលដល់មន្ត្រីដែលមានទីតាំងនៅឆ្ងាយពីទីស្នាក់កណ្តាលនៃ ឃុំ-សង្កាត់ ក្រុង-ស្រុក ព្រមទាំងជម្រុញដល់ការពង្រីកការដាក់ឱ្យអនុវត្តប្រព័ន្ធច្រកបណ្តាញ FMIS (FMIS Portal) ឱ្យបានកាន់តែលឿន។