
22
Jun, 2018
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS ដល់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមធ្វើការបញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយពីការអនុវត្ត និងវឌ្ឍនភាពក្នុងការអនុវត្តប្រព័ន្ធ FMIS ដល់អង្គភាពថវិកា បណ្តាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំង២៥ កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៨ ដែលរៀបចំនៅខេត្តសៀមរាប។
កម្មវិធី “ការបញ្ជ្រាបដាក់ឱ្យអនុវត្តសាកល្បង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS” នេះ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់មន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដែលមានអ្នកចូលរួមសរុបប្រមាណ ១៧១រូប ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកការយល់ដឹងបន្ថែមដល់មន្ត្រីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីឱ្យការអនុវត្តប្រព័ន្ធទំនើបកម្មមួយនេះដំណើរការដោយរលូន។
គួរជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាក្រសួងមួយក្នុងចំណោមក្រសួង-ស្ថាប័នចំនួន១០ ដែលបានអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៨ ។