
20
Feb, 2017
ក្រុមការងារគ្រប់គ្រងគម្រោងពិភាក្សាផែនការនៃការអនុវត្តគម្រោង FMIS ជំហានទី២
ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកអង្គប្រជុំដើម្បីពិភាក្សាអំពីការបែងចែកមុខងារ តួនាទី និងទំនួលខុសត្រូវ ក៏ដូចជាណែនាំអំពីផែនការសកម្មភាព សម្រាប់ការងារអនុវត្តគម្រោង FMIS ជំហានទី២ ក្រោយពីការធ្វើការកែសម្រួលសមាសភាពក្រុមការងារនេះនាពេលកន្លងមក ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អង្គប្រជុំនេះដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS មកពីអគ្គនាយកដ្ឋានគន្លឹះ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្ដម ហ៊ាន សាហ៊ីប បានលើកឡើងក្នុងអង្គប្រជុំនេះថា ការងារដាក់ឱ្យអនុវត្តគម្រោង FMIS ជំហានទី២នេះ ទាមទារដាច់ខាតនូវការតាំងចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៅតាមអគ្គនាយកដ្ឋាននីមួយៗ ដើម្បីជំរុញមន្ត្រីរបស់ខ្លួន ឱ្យបន្តខិតខំចូលរួមទាំងអស់គ្នា ដើម្បីទ្រទ្រង់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមបានបន្ថែមថាមិនមែនតែអ្នកដែលមានឈ្មោះក្នុងក្រុមការងារនោះទេ ដែលត្រូវធ្វើការងារនេះ ប៉ុន្តែវាជាទំនួលខុសត្រូវផ្ទាល់របស់ផ្ទៃក្នុងអគ្គនាយកដ្ឋាន ក្នុងការធានាថាការងារដែលពាក់ព័ន្ធនឹងអគ្គនាយកដ្ឋាននឹងត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។
ដោយឡែក ឯកឧត្ដម វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានលើកឡើងអំពីការប្រឹងប្រែងប្ដេជ្ញាបំពេញការងារ ដែលនៅសេសសល់របស់អគ្គនាយកដ្ឋានរតនាគារជាតិ និងនៅតាមរតនាគាររាជធានី-ខេត្ត ដែលនៅខេត្តខ្លះ សមត្ថភាពមន្ត្រីនៅមានកម្រិត ហើយការបញ្ចូលប្រតិបត្តិការខ្លះអាចមានកំហុសឆ្គងដោយសារមន្ត្រីមិនទាន់យល់ពីនីតិវិធីក្នុងប្រព័ន្ធទាំងអស់នៅឡើយ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការធ្វើបទបង្ហាញស្ដីអំពីផែនការសកម្មភាព ក្នុងការអនុវត្តគម្រោងត្រីមាសទី១ ឆ្នាំ២០១៧ ដែលធ្វើឡើងដោយលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS ដើម្បីឱ្យក្រុមការងារអាចជ្រាបកាន់តែច្បាស់អំពីការងារ ដែលក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោងនឹងអនុវត្តតាម ដើម្បីបង្កើនកម្រិតយល់ដឹង ភាពជាម្ចាស់ ការចូលរួម និងសមត្ថភាពរបស់មន្ត្រី ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ននាពេលឆាប់ៗខាងមុខ។