+855 23 43 00 63

13

Aug, 2018

ក្រុមការងារ FMIS នឹងចុះសិក្សាអំពីកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធ FMIS និង ប្រមូលធាតុចូលបន្ថែមពីអ្នកប្រើប្រាស់ប្រព័ន្ធនៅក្រសួង-ស្ថាប័នទាំង១០ដែលប្រើប្រាស់ចាប់តាំងពីដើមឆ្នាំ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះសិក្សាអំពីកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធ FMIS របស់អ្នកប្រើប្រាស់នៅក្រសួង-ស្ថាប័នទាំង១០ ដែលបានប្រើប្រាស់ប្រព័ន្ធចាប់តាំងពីដើមឆ្នាំ ២០១៨ ។  ការចុះសិក្សានេះ ក្នុងគោលបំណងវាយតម្លៃកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធ FMIS និងប្រមូលធាតុចូលបន្ថែមពីអ្នកប្រើប្រាស់សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អដំណើរការ និងការអនុវត្តប្រព័ន្ធ FMIS ឱ្យកាន់តែប្រសើរ ។

គួរជម្រាបជូនថា ក្នុងក្របខណ្ឌនៃការអនុវត្តផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ នៅដើមឆ្នាំ២០១៨ មុនពេលដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់នៅក្រសួងទាំង១០ ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះសិក្សាម្តងរួចមកហើយអំពីកម្រិតនៃការត្រៀមខ្លួនក្នុងការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់មុននឹងឈានទៅប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការវិភាគ និង រៀបចំដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ជាផ្លូវការ ។

ស្របតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ក្រុមការងារនឹងត្រូវបន្តអនុវត្តសកម្មភាពចុះសិក្សាដើម្បីវាយតម្លៃកម្រិតនៃការផ្លាស់ប្តូរលើការប្រើប្រាស់ប្រព័ន្ធជាមួយអ្នកដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS និងប្រមូលធាតុចូលគន្លឹះៗជាក់ស្តែងបន្ថែម សម្រាប់ជាមូលដ្ឋានក្នុងការវិភាគ និង កែលម្អដំណើរការ និងការអនុវត្តប្រព័ន្ធ FMIS ឱ្យកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាព ។

ក្រសួង-ស្ថាប័នទាំង១០ ដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ចាប់តាំងពីដើមឆ្នាំ២០១៨ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន (រួមទាំងអាណាប័កផ្ទេរសិទ្ធិ), ក្រសួងប្រៃសនីយ៍និងគមនាគមន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងមុខងារសាធារណៈ, ក្រសួងកិច្ចការនារី, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ។

តារាងកាលវិភាគនៃការចុះសិក្សាមាននៅទីនេះ៖https://fmis.mef.gov.kh/contents/uploads/2018/08/20180813_7316_Request-CA-FMIS-for-LMs-1.pdf