+855 23 43 00 63

25

Jan, 2019

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមសប្តាហ៍ទីបី នៃខែមករា ឆ្នាំ២០១៩ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានជោគជ័យក្នុងការចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការចំណូល-ចំណាយចូលទៅក្នុងប្រព័ន្ធ FMIS ជាក់ស្តែងជូនថ្នាក់ដឹកនាំ និងមន្ត្រីជាអ្នកប្រើប្រាស់ប្រព័ន្ធនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួនបួនបន្ថែមទៀតរួមមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ចាម, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង ។

ជាការកត់សម្គាល់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ជាក់ស្តែងនៅក្នុងប្រព័ន្ធ ដោយមានការគាំទ្រពីមន្ត្រីជំនាញ FMIS នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង និងការគាំទ្រពីមន្ត្រីជំនាញមកពីរតនាគាររាជធានី-ខេត្តផងដែរ ។

គួរបញ្ជាក់ផងដែរថា មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រា និងទាញយករបាយការណ៍ហិរញ្ញវត្ថុ និងថវិកា លើមុខងារចំនួន០៤ គឺមុខងារវិភាជន៍ថវិកា (Budget Allocate-BA), មុខងារគណនីត្រូវសង (Account Payable-AP), មុខងារទិញ (Purchase Order-PO), និងមុខងារគណនីត្រូវទារ (Account Receivable-AR)។

ប្រព័ន្ធ FMIS នឹងផ្តល់ផលប្រយោជន៍សម្រាប់មន្ត្រីហិរញ្ញវត្ថុ និងថវិកាដូចជា៖

-ទទួលបានប្រព័ន្ធទំនើបកម្មថ្មីមួយមានគុណភាព ដើរទន្ទឹមនឹងស្តង់ដារអន្តរជាតិ

-បញ្ចូល រក្សាទុក បញ្ជូន ពិនិត្យ និងបញ្ជាក់ ឬអនុម័តប្រតិបត្តិការហិរញ្ញវត្ថុដោយផ្ទាល់ក្នុងប្រព័ន្ធ

-ទាញយកព័ត៌មាន ឬទិន្នន័យហិរញ្ញវត្ថុកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា

-និងទាញយករបាយការណ៍ហិរញ្ញវត្ថុបានច្រើនប្រភេទពីប្រព័ន្ធរួមមួយដោយមិនចាំបាច់ប្រើប្រព័ន្ធច្រើន ។