
18
Jan, 2019
សប្តាហ៍ទី២ ខែមករា ឆ្នាំ២០១៩ ក្រុមការងារ FMIS សម្រេចបាននូវការចុះគាំទ្រអ្នកប្រើប្រាស់បានចំនួន៥ក្រសួង-ស្ថាប័ន និង៤មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ថែមទៀត
ស្របតាមផែនការនៃការបំពេញបេសកកម្មគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ដោយជោគជ័យនូវការបំពេញបេសកកម្មចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការចំណូល-ចំណាយចូលទៅក្នុងប្រព័ន្ធ FMIS (FMIS-Functional) ជាក់ស្តែងជូនថ្នាក់ដឹកនាំ និងមន្ត្រីជាអ្នកប្រើប្រាស់ប្រព័ន្ធនៃក្រសួង-ស្ថាប័នចំនួន ៥បន្ថែមទៀត និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តចំនួន៤ រួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងព័ត៌មាន, ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង និងប៉ៃលិន ។
តាមការអង្កេត ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជាពិសេសការទទួលបានកិច្ចសហការយ៉ាងជិតស្និតនិងយកចិត្តទុកដាក់របស់ក្រសួង-ស្ថាប័ន និងមន្ទីរ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS។ លើសពីនេះទៀត ថ្នាក់ដឹកនាំ និងមន្ត្រីនៃ ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខិតខំប្រឹងប្រែងអនុវត្ត លើការកត់ត្រាប្រតិបត្តិការចំណូល-ចំណាយជាក់ស្តែងនៅក្នុងប្រព័ន្ធ FMIS ។
គួររម្លឹកថា ក្រសួង-ស្ថាប័ន១០ថ្មី ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ នេះ រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងទេសចរណ៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។
ប្រព័ន្ធ FMIS ត្រូវបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងជំហានទី២ នៅដើមឆ្នាំ ២០១៨ នៅក្រសួងចំនួន ១០ និងបានពង្រីកការដាក់ឱ្យប្រើប្រាស់ជាផ្លូវការទៅកាន់ក្រសួង-ស្ថាប័នថ្មីចំនួន១០ បន្ថែម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ ២០១៩។ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រា និងទាញយករបាយការណ៍ហិរញ្ញវត្ថុ និងថវិកា លើមុខងារចំនួន០៤ គឺមុខងារវិភាជន៍ថវិកា (Budget Allocate – BA), មុខងារគណនីត្រូវសង (Account Payable – AP), មុខងារទិញ (Purchase Order – PO), និងមុខងារគណនីត្រូវទារ (Account Receivable – AR)។
ប្រព័ន្ធទំនើបកម្មមួយនេះ នឹងផ្តល់ផលប្រយោជន៍សម្រាប់ក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិដូចជា៖
- កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ (ចំណូលចំណាយថវិកាជាតិ) ដោយខ្លួនឯង (ពង្រឹងគណនេយ្យភាព)
- អាចតាមដានស្ថានភាពប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនទាំងក្នុងផ្ទៃក្នុងក្រសួង-ស្ថាប័នសាមី និង ប្រតិបត្តិការបញ្ជូនមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បង្កើនតម្លាភាព)
- គ្រប់គ្រង តាមដាន និង ត្រួតពិនិត្យចលនាថវិកា និង អនុវត្តថវិការបស់ខ្លួនបានតាមប្រព័ន្ធ FMIS ដែលនឹងផ្ដល់ភាពងាយស្រួលនិងលឿនជាងមុន (បង្កើនតម្លាភាព និងប្រសិទ្ធភាព)
- បង្កើនភាពទទួលខុសត្រូវលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនផ្ទាល់ (ពង្រឹងគណនេយ្យភាព)
- ពន្លឿនការទូទាត់ជូនអ្នកផ្គត់ផ្គង់បានឆាប់រហ័សតាមពេលវេលាដែលមានចែងកិច្ចសន្យាផ្គត់ផ្គង់ និង តម្រូវការជាក់ស្ដែង និង ពន្លឿនការទូទាត់នូវមុខចំណាយថវិកានានាបានកាន់តែប្រសើរជាងមុនឆ្លើយតបបានទាន់សភាពការណ៍ (បង្កើនប្រសិទ្ធភាព)
- ពិនិត្យមើលឃើញច្បាស់នូវនិតិវិធី និង ចំណុចរាំងស្ទះដែលនាំឱ្យមានការយឺតយ៉ាវដល់ការអនុវត្តថវិកា ដែលឈានដល់ការកាត់បន្ថយនីតិវិធីដែលពុំផ្ដល់តម្លៃបន្ថែម (បង្កើនប្រសិទ្ធភាព)
- នៅថ្ងៃអនាគតក្រសួង-ស្ថាប័នអាចមិនចាំបាច់បញ្ជូនឯកសារជាក្រដាសស្នាមមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៀតទេ (បង្កើនប្រសិទ្ធភាព) ។