
26
Jun, 2018
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្នើក្រសួង-ស្ថាប័នដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ចូលរួមថែរក្សាឧបករណ៍សម្ភារផ្សេងៗក្នុងក្របខ័ណ្ឌគម្រោង FMIS
ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដែលមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន FMWG ស្នើឱ្យក្រសួង-ស្ថាប័នទាំង១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា ប្រព័ន្ធអេហ្វ អែម អាយ អេស ផ្តល់កិច្ចសហការជួយថែរក្សាឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍មិនមែនបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌគម្រោង FMIS ដើម្បីធានានូវសុវត្ថិភាព, ស្ថិរភាពប្រព័ន្ធ FMIS និងដំណើរការដោយរលូនលើឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍មិនមែនបច្ចេកវិទ្យាទាំងនោះ ។
ឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យាទាងនោះមានដូចជា៖ ម៉ាស៊ីនកុំព្យូទ័រ, ម៉ាស៊ីនព្រីន, ម៉ាស៊ីនស្គេន, ខ្សែបណ្តាញតភ្ជាប់, USP និងទូរ Rack ព្រមទាំងឧបករណ៍ការពារបណ្តាញសុវត្ថិភាព, ឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍នានាជាច្រើនទៀត។
គួរបញ្ជាក់ថា ដើម្បីធានានូវសុវត្ថិភាព, ស្ថិរភាពប្រព័ន្ធ FMIS និងដំណើរការដោយរលូន ឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍មិនមែនបច្ចេកវិទ្យាទាំងនោះ អ្នកប្រើប្រាស់មិនតម្រូវឱ្យប្រើប្រាស់ជាមួយឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅទេដូចជា Flash, External Hard Drive, ទូរស័ព្ទឆ្លាតវៃ (Smart Phone) និងឧបករណ៍អេឡិចត្រូនិចទំនើបៗបានទេ គឺប្រើប្រាស់បានតែក្នុងក្របខ័ណ្ឌរបស់ប្រព័ន្ធ FMIS តែប៉ុណ្ណោះ ។
ទន្ទឹមនេះ ដើម្បីធានានូវសុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់សម្រាប់ឧបករណ៍សម្ភារបច្ចេកវិទ្យា និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យា ក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្នើសុំផ្តល់សមាសភាពមន្ត្រីគ្រប់គ្រងទ្រព្យសម្បត្តិ ក្នុងក្របខ័ណ្ឌគម្រោង FMIS នៅតាមក្រសួង-ស្ថាប័ន ដើម្បីងាយស្រួលផ្តល់ព័ត៌មាននូវរាល់ការផ្លាស់ប្តូរទីតាំងឧបករណ៍ ឬការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS។ ម្យ៉ាងវិញទៀត ចំពោះម៉ាស៊ីនព្រីនរបស់គម្រោង FMIS ដែលបានដំឡើងជូនរួចរាល់ សូមក្រសួង-ស្ថាប័ននីមួយៗ មេត្តាគ្រោងចំណាយសម្រាប់រាល់ការផ្លាស់ប្តូរទឹកថ្នាំ។
ក្នុងន័យនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន) សូមស្នើសុំដល់ ក្រសួង-ស្ថាប័ន, អគ្គនាយកដ្ឋាន-នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានា មេត្តាផ្តល់រាល់ព័ត៌មាននានាដែលទាក់ទងទៅនឹងបញ្ហាដូចជា៖ ការខូច, ការផ្លាស់ប្តូរអ្នកប្រើប្រាស់, ការផ្លាស់ប្តូរទីតាំង និងបញ្ហាផ្សេងៗដែលទាក់ទងទៅឧបករណ៍សម្ភាររបស់គម្រោង FMIS សូមទំនាក់ទំនងមក លោក ឡាញ់ គឹមវ៉ុន មន្ត្រីទទួលបន្ទុក តាមរយៈទូរស័ព្ទលេខ 017 850 551 ឬ 069 868 765 និងតាមរយៈ លោក សុខ ជុំសារឿន ជាប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិគម្រោង FMIS តាមរយៈលេខទូរស័ព្ទ 012 629 956 ។
គួរជម្រាបជូនថា ក្រសួង-ស្ថាប័នទាំង១០ ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការរួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សូមអានសេចក្តីប្រកាស៖ https://fmis.mef.gov.kh/contents/uploads/2018/06/20180621_Announcement-for-LMs-and-ABE.pdf