
7
Apr, 2022
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និង បញ្ហាប្រឈមក្នុងត្រីមាសទី ១ ព្រមទាំងការងារបន្តក្នុងការអនុវត្តគម្រោង FMIS ជំហានទី ៣
នារសៀលថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និង បញ្ហាប្រឈមក្នុងត្រីមាសទី ១ ព្រមទាំងការងារបន្តក្នុងការអនុវត្តគម្រោង FMIS ជំហានទី ៣ ត្រីមាសទី ២ ដែលមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមមានឯកឧត្តមអគ្គលេខាធិការដ្ឋាន កសហវ. ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការ និង គ្រប់គ្រងបំណុល ឯកឧត្តមប្រធានវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អ្នកពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានគន្លឹះៗក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២២ ផែនការសកម្មភាពក្នុងការអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង និង ផែនការសកម្មភាព CAP4 របស់គម្រោង FMIS ។ វឌ្ឍនភាពគម្រោង FMIS ត្រីមាសទី ១ ឆ្នាំ ២០២២ រួមមានការពង្រីក និង ពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពថវិកាផ្សេងទៀត ការធ្វើសន្ធានកម្ម និង ការរៀបចំដាក់ឱ្យប្រើប្រាស់កម្មវិធី FMIS Portal v1 ដែលជួយសម្រួលដល់នីតិវិធីទូទាត់សម្រាប់រដ្ឋបាលឃុំ និង ស្រុក មួយចំនួន ព្រមទាំងបានត្រៀមលក្ខណៈក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងសម្រាប់ក្រសួង-ស្ថាប័នចំនួន ១០ ដែលនៅសេសសល់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបើកកិច្ចពិភាក្សា និង ណែនាំដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធឱ្យបន្ត និង ខិតខំចូលរួមសហការអនុវត្តក្នុងគម្រោង FMIS ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងដែលមិនត្រូវរង់ចាំ ឬ ពន្យាពេលទៀតនោះទេ ព្រមទាំងការពង្រីកដាក់ឱ្យអនុវត្តមុខងាររៀបចំផែនការថវិកាក្នុងប្រព័ន្ធ FMIS ដែលអាចជួយឱ្យការរៀបចំផែនការថវិកាបានងាយស្រួល រហ័ស និង កាន់តែមានប្រសិទ្ធភាព ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ក្រុមការងារឱ្យរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំលើការពង្រីកការអនុវត្តមុខងាររៀបចំផែនការថវិកាជាមួយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបន្ទុកពាក់ព័ន្ធដើម្បីស្វែងយល់ពីមតិយោបល់ ឬ ការណែនាំផ្សេងៗ ។
បច្ចុប្បន្ន ក្រសួង-ស្ថាប័នចំនួន ២៧ បានអនុវត្តការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង លើនីតិវិធីទូទាត់បៀវត្ស និង នីតិវិធីទូទាត់ត្រង់ដែលមានហានិភ័យទាបផងដែរ ។ សម្រាប់ឆ្នាំ ២០២២ នេះ ក្រសួងចំនួន ២ គឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំង ២ ក្រសួង នឹងត្រូវអនុវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត និង បន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុងនៅគ្រប់ក្រសួង-ស្ថាប័នទាំងអស់នៅត្រឹមឆ្នាំ ២០២៦ ៕