+855 23 43 00 63

10

Jun, 2022

កិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី៣ និង ការរៀបចំផែនការសកម្មភាពរួម ដំណាក់កាលទី៤ (២០២៣-២០២៧)

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ពុធ ៩កើត ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ និង ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី ៤ (២០២៣-២០២៧) ដែលមានការចូលរួមពីសមាជិក សមាជិកាក្រុមការងារគ្រប់គ្រងគម្រោង FMIS ថ្នាក់ដឹកនាំ និង មន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅសាលប្រជុំជាន់ផ្ទាល់ដី អគារ “ឃ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងពីសាវតានៃការអនុវត្តគម្រោង FMIS ដែលចាប់ផ្តើមពីការមិនទាន់មានប្រព័ន្ធសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ថវិកាជាតិមួយរួមរហូតមានប្រព័ន្ធមួយដែលអាចជួយសម្រួលការត្រួតពិនិត្យព័ត៌មាន ការត្រួតពិនិត្យថវិកាបានងាយស្រួល ការទាញយករបាយការណ៍ និង មកដល់ពេលនេះគឺឈានមកដល់ការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា នេះគឺជាការផ្លាស់ប្តូរមួយដ៏សំខាន់ និង ចាំបាច់សម្រាប់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលអាចជួយសម្រួលដល់ការចាយវាយថវិកាជាតិបានឱ្យកាន់តែមានតម្លាភាព កាន់តែមានប្រសិទ្ធភាព មានគណនេយ្យភាព និង សម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែទាន់តម្រូវការ ។
តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាព និង បញ្ហាប្រឈមក្នុងការងាររៀបចំនីតិវិធីអនុវត្តការងារលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្តក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង បទបង្ហាញពីបច្ចុប្បន្នកម្មលើផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣ និង ផែនការសកម្មភាពរួមដំណាក់កាលទី ៤ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ទាប់មកក៏មានការ ជជែក ពិភាក្សាផ្តល់ធាតុចូលបន្ថែមពីអគ្គនាយកដ្ឋានពាក់ព័ន្ធផងដែរ ។
ចុងក្រោយឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ក្នុងអង្គប្រជុំថា ការអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង គឺជាមោទនភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងឆ្លុះបញ្ចាំងពីទំនួលខុសត្រូវ ប្រសិទ្ធភាព និង តម្លាភាពនៃការអនុវត្តថវិកា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបានផ្តាំផ្ញើដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏ដូចជាអគ្គនាយកដ្ឋានពាក់ព័ន្ធឱ្យត្រៀមខ្លួនឱ្យបានរួចរាល់លើការផ្លាស់ប្តូរលើការអនុវត្តនីតិវិធីអនុវត្តការងារពីការប្រើក្រដាសស្នាមមកអនុវត្តក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលទាមទារការត្រៀមខ្លួនទាំងពីគ្រប់ភាគី ដោយសារការសម្រេចបានជោគជ័យលើការងារដ៏ធំនេះមិនអាចទៅរួចទេប្រសិនបើមិនមានការជួយជ្រោមជ្រែងពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់បន្តសហការអនុវត្តរួមគ្នាដោយបុរេសកម្ម ដើម្បីសម្រេចលើចក្ខុវិស័យរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្ដង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ ។