
2
Jun, 2021
កិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ (End Users Equipment) និង បណ្ដាញតភ្ជាប់ (WAN/LAN Equipment) សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣
នាថ្ងៃ អង្គារ ០៦ រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ០៣ រសៀល គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃឧបករណ៍ សម្ភារៈ និង សេវាបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣ បានរៀបចំកិច្ចប្រជុំស្ដីអំពី “ការត្រួតពិនិត្យលើលទ្ធផលនៃការវាយតម្លៃឯកសារដេញថ្លៃ ឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និង ឧបករណ៍សម្រាប់បណ្ដាញតភ្ជាប់ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង មានការចូលរួមពីសមាជិកនៃគណៈកម្មការ មកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរួមមាន ៖
– អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល
– អគ្គនាយកដ្ឋានរតនាគារជាតិ
– អគ្គនាយកដ្ឋានថវិកា
– អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
– អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង ជាប្រធានអង្គប្រជុំបានមានប្រសាសន៍ឱ្យដឹងថាការដេញថ្លៃនេះគឺធ្វើឡើងដោយគោរពតាមនីតិវិធីនៃការដេញថ្លៃក្នុងស្រុក និង ប្រព្រឹត្តទៅប្រកបដោយ តម្លាភាព និង ប្រសិទ្ធភាព ដើម្បីទទួលបាននូវឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន គាំទ្រដល់ការពង្រីកការដ្ឋានថ្មីក្នុងគម្រោង FMIS ជំហានទី ៣ ។ គម្រោង FMIS ជំហានទី ៣ នឹងពង្រីកការដ្ឋានថ្មីទៅដល់រដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥, រដ្ឋបាលក្រុង/ខណ្ឌ និង មន្ទីរជំនាញមួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនក្នុងស្រុកចំនួន ៦ ដាក់ដេញថ្លៃលើឧបករណ៍សម្រាប់អ្នកប្រើប្រាស់ (End Users Equipment) និង ក្រុមហ៊ុនចំនួន ៣ ដាក់ដេញថ្លៃលើឧបករណ៍សម្រាប់បណ្ដាញតភ្ជាប់ (WAN/LAN Equipment) ។