+855 23 43 00 63

28

Nov, 2018

សេចក្ដីប្រកាសព័ត៌មាន

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩ ” នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្មវិធីនេះ មានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS    មន្ត្រីមកពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ សរុបជាង ៥០ រូប ។

ការបង្កើតឱ្យមានកម្មវីធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៃ ក្រសួងចំនួន០៤ ដែលត្រូវចូលរួមអនុវត្តគម្រោង FMIS ឆ្នាំ ២០១៩”នេះឡើង គឺមានគោលបំណងផ្តល់ជូននូវចំណេះដឹង និង ទិដ្ឋភាពរួមពីអត្ថប្រយោជន៍មុខងាររបស់ប្រព័ន្ធ, ការរៀបចំឱ្យមានមន្រ្តីបង្គោលប្រចាំអង្គភាពថវិកា ដើម្បីងាយស្រួលដល់អនុវត្តគម្រោង និងការចាប់ផ្តើមអនុវត្តការងាររួមគ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យទទួលបានជោគជ័យ ។

យោងតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ២០១៧-២០២០ ក្នុងឆ្នាំ២០១៩ ខាងមុខនេះ ក្រសួង-ស្ថាប័នចំនួន១០ រួមជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ០៨ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ អង្គភាពភាពជាដៃគូ រវាងរដ្ឋនិងឯកជន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា ។