
8
Feb, 2018
FMWG ប្រជុំវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានសម្រាប់អនុវត្តគម្រោង FMIS ជំហានទី ២
បន្ទាប់ពីបានបើកឯកសារដេញថ្លៃលើកញ្ចប់មជ្ឍមណ្ឌលទិន្នន័យរួចមកកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការផ្លាស់ប្តូរផែនការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ២០១៨ និង២០១៩ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ហៅកាត់ថា FMWG បានរៀបចំកិច្ចប្រជុំមួយ ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានផ្តោតសំខាន់លើរបៀបវារៈចំនួនបីរួមមាន៖
១. រាយការណ៍អំពីវឌ្ឍនភាពនៃការដេញថ្លៃកញ្ចប់មជ្ឍមណ្ឌលទិន្នន័យ
២. ពិភាក្សាអំពីការបញ្ជាទិញឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន ទ្រទ្រង់ដល់ការអនុវត្តគម្រោង FMIS នៅឆ្នាំ២០១៨
៣. ពិភាក្សាអំពីការផ្គត់ផ្គង់សេវាបណ្តាញតភ្ជាប់ (Bandwidth) សម្រាប់គម្រោង FMIS ឆ្នាំ២០១៨ ។
ជាកិច្ចចាប់ផ្តើម លេខាធិការដ្ឋានក្រុមការងារគ្រប់គម្រោង FMIS បានរៀបរាប់អំពីវឌ្ឍនភាពនៃការដេញថ្លៃកញ្ចប់មជ្ឍមណ្ឌលទិន្នន័យ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន៥ បានចូលរួមដេញថ្លៃ រួមមាន៖ ក្រុមហ៊ុន First Cambodia Co., Ltd, ក្រុមហ៊ុន Campura Triangulum Corporation, ក្រុមហ៊ុន FPT Information System, ក្រុមហ៊ុន CiTOO Solution Pte., Ltd និងក្រុមហ៊ុន Te Aik Hong Office Machines Supplies Co., Ltd ។
ដោយឡែក ចំពោះរបៀបវារៈទី២ ពោលគឺកិច្ចភិក្សាអំពីការបញ្ជាទិញឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន ទ្រទ្រង់ដល់ការអនុវត្តគម្រោង FMIS នៅឆ្នាំ២០១៨ ផ្តោតសំខាន់ទៅលើការកែតម្រូវកិច្ចសន្យា ដើម្បីសម្រួលពេលវេលានៃការផ្គត់ផ្គង់ឱ្យបានលឿន ដោយសារតែ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្លាស់ប្តូរផែនការមួយចំនួនអំពីចំនួនក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងឆ្នាំ២០១៨ និង២០១៩ ដែលបានផ្តូរពីផែនការឆ្នាំ២០១៩ មកអនុវត្តនៅក្នុងឆ្នាំ២០១៨ វិញ ។ ហើយដើម្បីបង្កើនបរិមាណ និងគុណភាព ស្របតាមផែនការថ្មី សម្រាប់ការអនុវត្តគម្រោង FMIS គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នឹងលើកយកមកពិភាក្សាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់នាពេលខាងមុខ ។
រីឯការពិភាក្សាអំពីការផ្គត់ផ្គង់សេវាបណ្តាញតភ្ជាប់ ( Bandwidth) សម្រាប់គម្រោង FMIS នៅឆ្នាំ២០១៨ វិញ ក្នុងនោះមានក្រុមហ៊ុនចំនួនពីរ បាននិងកំពុងផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង ដោយក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុន Ezecom និងក្រុមហ៊ុន NeocomISP Limited (NTC) ។ ផ្អែកតាមការវាយតម្លៃនៃការផ្គត់ផ្គង់របស់ក្រុមហ៊ុនទាំងពីរកន្លងមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុនទាំងពីរ ល្អ អាចទទួលយកបាន បើទោះបីជាមានភាពរអាក់រអួលដោយកត្តាខាងក្រៅយ៉ាងណាក៏ដោយ ។ ហេតុនេះ ដើម្បីឱ្យការផ្គត់ផ្គង់ដល់ការអនុវត្តប្រព័ន្ធ FMIS សម្រាប់ឆ្នាំបន្តបន្ទាប់ទៀតកាន់តែល្អប្រសើរ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចរង់ចាំរហូតដល់ឆ្នាំ២០១៩ ដើម្បីធ្វើការវាយតម្លៃ ហើយនឹងប្រកាស់ដាក់ដេញថ្លៃសាធារណៈជាថ្មីម្តងទៀត ។
ជាកិច្ចបញ្ចប់ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងធ្វើកំណត់ហេតុស្នើរសុំការឯកភាពពីឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសម្រេចចុងក្រោយតាមនីតិវិធី ក្នុងគោលបំណងពន្លឿនពេលវេលានៃការផ្គត់ផ្គង់កាន់តែឆាប់រហ័ស ៕