+855 23 43 00 63

18

Apr, 2018

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះពិនិត្យការដ្ឋានផ្ទាល់ ប្រមូលព័ត៌មាន សិក្សាទីតាំង និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងចំនួន១០ផ្សេងទៀត

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងទិសដៅសម្រេចបានតាមផែនការអនុវត្តគម្រោង FMIS ជំហានទី២ ឆ្នាំ២០១៨ ប្រកបដោយភាពរលូន និងជោគជ័យ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នឹងចុះពិនិត្យការដ្ឋានផ្ទាល់ ប្រមូលព័ត៌មាន សិក្សាទីតាំង និងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នចំនួន១០ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ២០១៨ ។ ក្រុមងារគ្រប់គ្រងគម្រោង FMIS នឹងត្រូវចុះអនុវត្តការងារចំនួន ៣ធំៗនៅតាមក្រសួងស្ថាប័នទាំង១០ រួមមាន៖

១. សិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ន (Current Business Process) ដើម្បីយកមកវិភាគ និងរៀបចំជានីតិវិធីអនុវត្តការងារជាមួយប្រព័ន្ធ (To-Be Business Process) លើមុខងារចំនួន៤ រួមមាន៖ មុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវសង និង មុខងារគណនីត្រូវទារ

២. សិក្សាទីតាំងជាក់ស្តែងនៅតាមការដ្ឋានសម្រាប់ដាក់ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានដើម្បីរៀបចំបណ្តាញតភ្ជាប់, ការសិក្សាកម្លាំងចរន្តអគ្គិសនីផ្គត់ផ្គង់ក្នុងអគារ និង

៣. សិក្សាទីតាំងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីធ្វើការតភ្ជាប់បណ្តាញមកកាន់មជ្ឍមណ្ឌលទិន្នន័យ និង មជ្ឍមណ្ឌលសង្គ្រោះទិន្នន័យរបស់ប្រព័ន្ធ ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះទៅកាន់ក្រសួង-ស្ថាប័នទាំង១០តាមកាលវិភាគដូចខាងក្រោម៖

ថ្ងៃទី២៣ មេសា ២០១៨៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ។

ថ្ងៃទី២៤ មេសា ២០១៨៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ថ្ងៃទី២៥ មេសា ២០១៨៖ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ។

ថ្ងៃទី២៦ មេសា ២០១៨៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងព័ត៌មាន ។

ថ្ងៃទី២៧ មេសា ២០១៨៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

គួរបញ្ជាក់ផងដែរថា ក្រុមការគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ផ្លូវការក្នុងឆ្នាំ២០១៨ ដល់ក្រសួងចំនួន១០ ដែលរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងប្រៃសណីយ៍, ក្រសួងកិច្ចការនារី និងក្រសួងឧស្សាហកម្ម ។ ដោយឡែកសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ និងក្រសួងចំនួន១០ រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៕