+855 23 43 00 63

29

Jan, 2018

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចុះគាំទ្រ និងទ្រទ្រង់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានចំនួន១០ក្រសួងហើយ

ដោយ៖: | Tags: | មតិយោបល់: 0

(ភ្នំពេញ) ៖ គិតត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៨ នេះ មានក្រសួង-ស្ថាប័នចំនួន ១០ហើយ ដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងចុះគាំទ្រ និងទ្រទ្រង់ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការធ្វើប្រតិបត្តិការ ត្រួតពិនិត្យ និងអនុម័តផ្ទាល់ក្នុងប្រព័ន្ធ ។ នៅក្នុងការបំពេញការងារបេសកម្មរបស់ខ្លួននៅតាមក្រសួងចំនួន១០ អស់រយៈពេលជាងកន្លះខែកន្លងមកនេះ ក្រុមការងារផ្នែកមុខងារនីមួយៗរួមមាន៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកមុខងារប្រព័ន្ធ និងផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ បានកត់សម្គាល់ មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS មកពីក្រសួងទាំង១០ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុតជាពិសេសនោះលើការធ្វើប្រតិបត្តិការ ហើយភាគច្រើនលើ អាណត្តិបើកប្រាក់បៀវត្ស ។

គួរជម្រាបជូនថា ក្រសួងទាំង១០ ដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងចុះគាំទ្រ និងទ្រទ្រង់នោះរួមមាន៖ ក្រសួងបរិស្ថាន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និង សិប្បកម្ម, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងប្រៃសានីយ៍ និងទូរគមនាគមន៍, ក្រសួងកិច្ចការនារី និង ក្រសួងមុខងារសាធារណៈ ។

ដោយឡែក កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ កន្លងទៅ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ នៅតាមក្រសួងចំនួន១០ខាងលើ។ ការដាក់ឲ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែល ដោយមានការពន្យល់ពីក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីសារៈសំខាន់នៃការដាក់ឲ្យមានប្រព័ន្ធនេះ និងមានការគាំទ្រពីសំណាក់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាផងដែរ ។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណ ៤០០ នាក់ថា ការអនុវត្តគម្រោង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ នឹងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងអំពីលទ្ធភាពនិងតម្រូវការជាក់ស្តែង ក្នុងការកែលម្អជាជំហានៗ នូវនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុ ដែលមានភាពស្មុគ្រស្មាញនិងមិនផ្តល់តម្លៃបន្ថែម ក្នុងគោលដៅពង្រឹងវិន័យថវិកា។ ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធនេះនឹងជួយកាត់បន្ថយពេលវេលា និងធនធានមិនចាំបាច់និងជួយសម្រាលបន្ទុកការងាររបស់មន្ត្រីអនុវត្តថវិកា និងកិច្ចការហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ក្រៅពីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចំពោះក្រសួងចំនួន១០ខាងលើ នៅក្នុងឆ្នាំ២០១៨ នេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅគ្រប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំង២៥ រាជធានី-ខេត្ត និងដាក់ឲ្យសាកល្បងដល់ក្រសួងចំនួន១០ផ្សេងទៀតរួមមាន៖  ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២. ក្រសួងសាធារណការ និងដឹកជញ្ជូន, ៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤.ក្រសួងពាណិជ្ជកម្ម, ៤. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ៦. ក្រសួងធនធានទឹក និងឧតុនិយម, ៧. ក្រសួងអភិវឌ្ឍន៍ជនបទ, ៨. ក្រសួងព័ត៌មាន, ៩. ក្រសួងទេសចរណ៍ និង១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៕