
4
Jul, 2019
ជំនាញការបារាំង៖ មានតែប្រព័ន្ធ FMIS ប៉ុណ្ណោះ ដែលអាចរុញច្រានកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឱ្យទទួលបានជោគជ័យ
ជំនាញការបារាំងលោក T.ROSENZWEIG និង លោក A.MEDJDOUB បានមានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ហៅកាត់ថា FMIS គឺពិតជាឆ្អឹងខ្នងមិនអាចខ្វះបាន នៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅកម្ពុជា ហើយមានតែប្រព័ន្ធ FMIS តែប៉ុណ្ណោះ ដែលអាចរុញច្រានឱ្យ PFMRP ទទួលបានជោគជ័យ។ លោកមានប្រសាសន៍បែបនេះ គឺនៅក្នុងឱកាសដែលលោកបានជួបពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីស្វែងយល់អំពីដំណើរការនៃការអនុវត្តគម្រោង FMIS នៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបរាប់អំពីសមិទ្ធផល និងទិសដៅ នៃការអនុវត្តគម្រោង FMIS ក្រោមការគ្រប់គ្រងដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ប្រព័ន្ធ FMIS ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តដំណាក់កាលទី១ នៅឆ្នាំ២០១៤ និងដំណាក់កាលទី២ នៅឆ្នាំ២០១៧។ មុខងារស្នូល និងចំណាត់ថ្នាក់ថវិកា ត្រូវបានរៀបចំដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS ជាបន្តបន្ទាប់ទៅតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ។ ជាក់ស្តែង មុខងារស្នូលនៃប្រព័ន្ធទំនើបកម្មនេះ មានចំនួន៦ រួមមាន មុខងារវិភាជន៍ថវិកា, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ, មុខងារគ្រប់គ្រងសាច់ប្រាក់, មុខងារទិញ និង មុខងារសៀវភៅធំ ។ នៅឆ្នាំ ២០១៨ ប្រព័ន្ធ FMIS ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ហើយរហូតមកដល់បច្ចុប្បន្ន ក្រសួងចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្តកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដោយរលូន និង មានការគាំទ្រជាប្រចាំពីក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង បានស្នើសុំឱ្យ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានធ្វើការផលិតនូវរបាយការណ៍ក្រៅពីអ្វីដែលរតនាគារ និង អគ្គនាយកដ្ឋានថវិកាត្រូវការ ដើម្បីវិភាគ ពិនិត្យតាមដាន និង គ្រប់គ្រងការអនុវត្តថវិកានៅអង្គភាពរបស់ខ្លួនផ្ទាល់ ជាពិសេសសម្រាប់ការអនុវត្តថវិកានៅថ្នាក់ក្រោមជាតិ។ នៅដើមឆ្នាំ ២០២០ ប្រព័ន្ធ FMIS នឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅក្រសួង-ស្ថាប័នចុងក្រោយចំនួន ១៧ ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូររបៀបរបបធ្វើការងារ ដោយចំណេញទាំងពេលវេលា ធនធាន និងផ្តល់តម្លៃបន្ថែមដល់ការងារផ្នែកវិភាគ និងការគ្រប់គ្រងលើសមិទ្ធផល។ល។ ក្នុងន័យនេះ ប្រព័ន្ធនេះ នៅតែជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងជាឧបករណ៍តែមួយគត់ពុំអាចខ្វះបាន ដើម្បីធានាដល់ការរៀបចំ និងអនុវត្តថវិកាជាតិប្រកបដោយតម្លាភាព, ប្រសិទ្ធភាព និងគណនេយ្យភាព ទាំងផ្នែកចំណូល និងចំណាយថវិកា។ វឌ្ឍនភាពវិជ្ជមាននេះ គឺជាកត្តាលិករដ៏សំខាន់សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យប្រាកដនិយមនៅឆ្នាំ២០២៥ គឺ “ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្តោតលើលទ្ធផល និងវិមជ្ឈការស្របតាមស្តង់ដារអន្តរជាតិ និងឧត្តរមានវត្តន៍អន្តរជាតិ” ។