+855 23 43 00 63

17

Feb, 2022

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជួបពិភាក្សាជាមួយជំនាញការបារាំង

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបពិភាក្សាការងារជាមួយបេសកកម្មជំនាញការប្រទេសបារាំង ដែលដឹកនាំដោយលោក Michel CONAN អ្នកជំនាញផ្នែកថវិកានិងគណនេយ្យ ដោយមានការចូលរួមពី លោក Thibaut Rosenzweig ជំនាញការបារាំងប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពាក់ព័ន្ធនឹងការកែសម្រួលនិងតម្រង់ទិសនីតិវិធីអនុវត្តការងារដោយផ្សារភ្ជាប់ការអនុវត្តគម្រោង FMIS និង សេចក្ដីព្រាងច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ។

លោក Michel បានចែករំលែកអំពីប្រវត្តិនៃការអនុវត្តប្រព័ន្ធ FMIS នៅសាធារណរដ្ឋបារាំងដែលបានឈ្មោះហៅថា (CHORUS) ដែលបានអនុវត្តដោយតាមអនុលោមភាពរបស់ច្បាប់ថវិការបស់បារាំងនៅឆ្នាំ ២០០១ (organic budget law LOLF – Loi Organique Relative aux Lois de Finances) ។ ប្រព័ន្ធត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងនៅឆ្នាំ ២០០៩ ដល់គ្រប់នាយកដ្ឋានថវិកានិងគណនេយ្យរបស់រដ្ឋាភិបាលបន្ទាប់ពីចំណាយរយៈពេល ៤ ឆ្នាំលើការអភិវឌ្ឍលើផលិតផល PeopleSoft ។ ក្រោយមកប្រព័ន្ធ CHORUS ត្រូវបានស្នើផ្លាស់ប្ដូរផលិតផល PeopleSoft មកប្រើប្រាស់ផលិតផល SAP នៅឆ្នាំ ២០១១ និង នៅឆ្នាំ ២០១២ រាល់ប្រតិបត្តិការហិរញ្ញវត្ថុនិងការកត់ត្រាគណនេយ្យត្រូវបានបង្វែរមកអនុវត្តទាំងស្រុងតាមប្រព័ន្ធ CHORUS ។ អ្វីដែលលោកចង់លើកឡើងគឺបញ្ហានៃការជ្រើសរើសផលិតផលដើម្បីអភិវឌ្ឍប្រព័ន្ធ ដែលលោកបារម្ភថាកម្ពុជាអាចជួបបញ្ហាដូចករណីបារាំងដែលបានប្ដូរពីផលិតផល PeopleSoft មក SAP ដែលកាលនោះលោកទទួលស្គាល់ថាបញ្ហាអាចដោយសារជំនាន់ (Version) របស់ PeopleSoft នៅទាប និង ម្យ៉ាងទៀតមកពីសមត្ថភាពនៃក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធដែរ ។

ជាការឆ្លើយតបឯកឧត្តម មន្ត ប្រាថ្នា បានបញ្ជាក់ប្រាប់លោកជំនាញការថា រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាពុំទាន់ជួបបញ្ហាអ្វីធំឡើយ (ផលិតផលជំនាន់ថ្មីនិងទាន់សម័យ) ប្រព័ន្ធ FMIS ដំណើរការបានដោយរលូនតាំងពីឆ្នាំ ២០១៦ រហូតមកឆ្លើយតបបានតាមស្ថានភាពនិងតម្រូវការជាក់ស្ដែងនៃដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រសិនបើជ្រើសផលិតផលដូចករណីបារាំងបច្ចុប្បន្ន កម្ពុជាត្រូវធ្វើកិច្ចការចំនួន ៣ គឺ ១-មានច្បាប់និងបទដ្ឋានគតិយុត្តិច្បាស់លាស់ដើម្បីគាំទ្រដល់ការអនុវត្តប្រព័ន្ធ ២-កែសម្រួលនីតិវិធីអនុវត្តការងារឱ្យបានខ្លីនិងមានស្ដង់រួមតែមួយច្បាស់ (To Be Business Processes must be in place and engineered),ច្បាស់លាស់និងមានស្ដង់ដាររួម ៣-សមាសភាពនៃការអនុវត្តថវិកា និង គណនេយ្យ ដូចជា តម្រូវការរបស់ប្រព័ន្ធ, ស្ដង់ដារគណនេយ្យ, គណនីរតនាគារជាតិទោល, មាតិកាថវិកា, ទម្រង់និងចំនួនរបាយការណ៍, សមត្ថភាពនិងចំនួនអ្នកប្រើប្រាស់ប្រព័ន្ធ ជាដើមត្រូវមានភាពត្រឹមត្រូវនិងច្បាស់លាស់រួចជាស្រេច​ និង ៤-ត្រៀមថវិកាចំណាយច្រើនដូចករណីបារាំង ។

លោក Michel បានផ្ដល់តម្លៃខ្ពស់លើប្រព័ន្ធ FMIS ដែលជាសមាសធាតុស្នូលមិនអាចខ្វះបានក្នុងការជំរុញប្រសិទ្ធភាព និង គុណភាពនៃការផ្ដល់សេវាសាធារណៈរបស់រដ្ឋាភិបាលឱ្យបានកាន់តែប្រសើរឡើង និង លើកទឹកចិត្តឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS រិះរកវិធីសាស្ត្រយ៉ាងណាក្នុងការជំរុញការពន្លឿនការគ្រប់គ្រងនិងអនុវត្តថវិកាឱ្យមានតែមួយគត់នៅក្នុងប្រព័ន្ធ FMIS និង លុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់នីតិវិធីជាក្រដាសស្នាម ។ ឯកឧត្តម មន្ត ប្រាថ្នា បានជម្រាបជំនាញការបារាំងពីវឌ្ឍនភាពសង្ខេបក្នុងការកែសម្រួលនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយបានកែសម្រួលមុខសញ្ញាចំណាយទូទាត់ដែលមានហានិភ័យកម្រិតទី ១ ដែលមានដូចជាការទូទាត់ប្រាក់បៀវត្ស និង ទូទាត់ត្រង់ដែលមានគោលរបបកំណត់ច្បាស់លាស់សរុប ១៣ មុខសញ្ញាចំណាយ ដែលបានដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នចំនួន ២៧ និង គ្រោងនឹងដាក់ឱ្យអនុវត្តមុខសញ្ញាចំណាយដែលមានហានិភ័យកម្រិត ២ ដែលដើរតាមស្តង់ដារអនុវត្តកាន់តែច្បាស់លាស់ ។

លោក Michel Conan ចោទសួរជាសំណួរថាហេតុអ្វីក៏ការអនុវត្តថវិកាជាពិសេសដើម្បីទទួលបានការទូទាត់ជូនអ្នកផ្គត់ផ្គង់ ឬ ក្រសួង-ស្ថាប័នត្រូវប្រើប្រាស់រយៈពេលយូរម្ល៉េះ បើកម្ពុជាមានប្រព័ន្ធ FMIS ហើយ? តើការបញ្ចូលក្នុងប្រព័ន្ធត្រូវការពេលវេលាយូរនិងស្មុគស្មាញមែនទេ? ជាការពន្យល់ ឯកឧត្តម មន្ត ប្រាថ្នា បានជម្រាបថាបច្ចុប្បន្ន កម្ពុជានៅអនុវត្តនីតិវិធីប្រើប្រាស់ក្រដាសស្នាមដែលត្រូវការប្រើប្រាស់ពេលវេលាច្រើន ដោយឡែកសម្រាប់ក្នុងប្រព័ន្ធគឺខ្លីនិងទទួលបាននូវព័ត៌មានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយជាពិសេសទៅតាមចំណាត់ថ្នាក់នៃមាតិកាថវិកាទាំង ៧ និង ដូចបានលើកឡើងយើងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារ ។

លោកជំនាញការបានបន្ថែមទៀតថា កម្ពុជាគួរអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS និង ប្រើប្រាស់ព័ត៌មាននិងទិន្នន័យជាលក្ខណៈឌីជីថលនិងគ្រប់ជ្រុងជ្រោយ មានគណនេយ្យភាពច្បាស់លាស់ (មិនមានការស្គែនឯកសារយោង) ។ ក្រៅពីបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រដ្ឋាភិបាលបារាំង ដែលមានប្រសិទ្ធភាព ការទូទាត់មានភាពងាយស្រួល និង ឆាប់រហ័ស លោកបញ្ជាក់ថា ប្រព័ន្ធត្រូវមានព័ត៌មាន ទិន្នន័យច្បាស់លាស់ គ្រប់គ្រាន់ និងបង្ហាញដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ហើយលោកផ្តល់យោបល់ថា ការអនុវត្តថវិកាទាំងអស់គួរធ្វើតាមប្រព័ន្ធ FMIS ទាំងស្រុងដោយមិនមាននីតិវិធីខាងក្រៅ ដោយចាប់ផ្ដើមពីការជ្រើសរើសយកក្រសួងមួយដែលអនុវត្តថវិកាបានល្អប្រសើរជាងគេកន្លង ដើម្បីជាការលើកទឹកចិត្ត និង ជាគំរូក្នុងការសាកល្បង ហើយពង្រីកដល់ក្រសួងផ្សេងទៀត ដោយឡែកសម្រាប់ការទូទាត់បុរេប្រទានគួរធ្វើនៅក្នុងប្រព័ន្ធទាំងស្រុងមិនចាំបាច់ធ្វើក្រៅប្រព័ន្ធ FMIS ទេ ព្រោះឥណទានថវិកាត្រូវបានបើកផ្ដល់ជូនអង្គភាពអនុវត្តរួចហើយ ។

ចុងបញ្ចប់ភាគីជំនួបពិភាក្សាបានថ្លែងអំណរគុណគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការ និង ការផ្លាស់ប្ដូរមតិយោបល់ និង បានប្តេជ្ញាចូលរួមចំណែកគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឱ្យទទួលបានផ្លែផ្កា និង អនុលោមតាមឧត្តមានុវត្តន៍ជឿនលឿន។