+855 23 43 00 63

15

Sep, 2023

កិច្ចប្រជុំប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំដោយផ្ទាល់ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីត្រួតពិនិត្យលើគោលដៅសូចនាករគន្លឹះប្រចាំឆ្នាំ ២០២៤ (GDAP4) ។ កិច្ចប្រជុំនេះ រៀបចំឡើងនៅបន្ទប់ប្រជុំអគារ ខ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃ សុក្រ ១កើត ខែ ភក្ត្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករង, ប្រធាននាយកដ្ឋាន និង ប្រធានក្រុមការងារទាំងអស់់ ។

តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តល់បទបង្ហាញនូវទិដ្ឋភាពទាំងមូល សម្រាប់គោលដៅសូចនាករគន្លឹះប្រចាំឆ្នាំ ២០២៤ (GDAP4) ជូនដល់អង្គប្រជុំ ក្នុងការត្រួតពិនិត្យលើសូចនាករអទិភាព ដែលចាំបាច់ត្រូវសម្រេចឱ្យបានទាន់ផែនការ។ នៅក្នុងអង្គប្រជុំខ្លីនាព្រឹកនេះ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍ណែនាំដល់ ប្រធានក្រុមទាំងអស់ឱ្យបន្តពិនិត្យបន្ថែមឱ្យបានល្អិតល្អិនលើសកម្មភាពដែលបានដាក់ចេញជាសូចនាករគន្លឹះៗនេះ ដែលជាផ្នែកដ៏សំខាន់ក្នុងការគាំទ្រដល់ការអនុវត្តគម្រោង បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ ២០២៤ នាពេលខាងមុខ ។

ជាចុងបញ្ចប់នៃការពិភាក្សាយ៉ាងផុសផុលក្នុងកិច្ចប្រជុំ ឯកឧត្តមអគ្គនាយក បានបន្តផ្តែផ្តាំដល់ថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងអស់ ឱ្យបន្តការយកចិត្តទុកដាក់ ខិតខំបំពេញការងារ ស្របតាមតួនាទី ភារកិច្ច និង ត្រៀមអនុវត្តកិច្ចការបន្តបន្ទាប់ទៀតឱ្យសម្រេចបានទាន់ពេលវេលា និងស្របតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម មន្ត ប្រាថ្នា នឹងដឹកនាំកិច្ចប្រជុំដោយផ្ទាល់នៅសប្តាហ៍បន្ទាប់ទៀត ដើម្បីពិភាក្សាលើសកម្មភាពលម្អិតគាំទ្រដល់សូចនាករគោលដៅនីមួយៗ ។