+855 23 43 00 63

29

Dec, 2023

អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រៀបចំកិច្ចប្រជុំប្រចាំឆ្នាំស្តីពី “ការត្រួតពិនិត្យលើវឌ្ឍនភាពការងារ, បញ្ហាប្រឈម និង ការងារផ្សេងៗសម្រាប់ការអនុវត្តគម្រោង FMIS ឆ្នាំ ២០២៣ និង ទិសដៅសម្រាប់ឆ្នាំ ២០២៤”

ដោយ៖: | Tags: | មតិយោបល់: 0

មកដល់ពេលនេះគម្រោង FMIS ជំហានទី៣ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនប្រមាណ ៩៨% បើធៀបនឹងសូចនាករប្រចាំឆ្នាំ ដែលក្នុងនោះការងារកែសម្រួលនីតិវិធីអនុវត្តការងារក្នុង FMIS ទាំងស្រុង សម្រាប់ក្រសួងចំនួន ៨ ដែលនេះជាបរិបទផ្លាស់ប្តូរដ៏ធំមួយរបស់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ជាមួយគ្នានេះ, សមិទ្ធផលការងារមួយចំនួនទៀតដែលមានជាអាថ៌ កម្មវិធីកញ្ចក់ថវិកា និង កម្មវិធីប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ ជាដើម ។ ការលើកឡើងយោងតាមប្រសាសន៍របស់ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងកិច្ចប្រជុំឆ្នាំស្តីពី “ការត្រួតពិនិត្យលើវឌ្ឍនភាពការងារ, បញ្ហាប្រឈម និង ការងារផ្សេងៗសម្រាប់ការអនុវត្តគម្រោង FMIS ឆ្នាំ ២០២៣ និង ទិសដៅសម្រាប់ឆ្នាំ ២០២៤” នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ដែលធ្វើឡើងនាថ្ងៃ ពុធ​ ១៥កើត ដល់ថ្ងៃ ព្រហស្បតិ៍ ១រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ និង ២៧ ខែ ធ្នូ ឆ្នាំ ២០២៣ និង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏មានចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចចិត្តដ៏មុះមុត និង ជំរុញដល់ការអនុវត្តគម្រោង FMIS ពិសេសលើការកែសម្រួលនីតិវិធីអនុវត្តការងារក្នុង FMIS ទាំងស្រុង (Business Process Streamlining) បានសម្រេចតាមគោលដៅដែលបានគ្រោងទុក ដែលជាកិច្ចការរួមចំណែកយ៉ាងធំធេងក្នុងទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាមួយគ្នានេះ, គម្រោង FMIS បានធ្វើដំណើរទៅមុខជាបន្តបន្ទាប់ដោយមានការចង្អុលបង្ហាញផ្លូវ និង ដឹកនាំការងារដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ តែងតែព្យាយាមសម្របសម្រួល និង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជួយតម្រង់ទិសដៅដល់ក្រុមការងារនៅគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោង FMIS ។

ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារដោយទំនួលខុសត្រូវខ្ពស់ យកចិត្តទុកដាក់ និង សម្រេចការងារតាមសូចនាករដែលគួរឱ្យកត់សម្គាល់ ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ ក្រៅពីត្រួតពិនិត្យលើវឌ្ឍភាព, បញ្ហាប្រឈម និង សំណូមពរ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមការងារនៃផ្នែកនីមួយៗ មានលទ្ធភាពបង្ហាញពីគំនិតច្នៃប្រឌិតសម្រាប់ឆ្នាំ ២០២៤ ខាងមុខ និង សំណូមពរនានា ក្នុងទិសដៅពង្រឹងសមត្ថភាព បង្កើនភាពស្និទ្ធស្នាលនៅគ្រប់លំដាប់ថ្នាក់ និង បន្តការសហការស្មារតីសាមគ្គីភាពការងារកាន់តែខ្លាំងបន្ថែមទៀត ។ លើសពីនេះទៀត ឯកឧត្តមអគ្គនាយក បានផ្តល់កិត្តិយសចែកជូនលិខិតសរសើរ ទៅដល់ថ្នាក់ដឹកនាំ និង មន្ត្រីឆ្នើមប្រចាំឆ្នាំផងដែរដែលបានខិតខំ ប្រឹងប្រែងបំពេញការងារយ៉ាងបុរេសកម្ម ។

នៅក្នុងកិច្ចប្រជុំ ក៏មានការធ្វើបទបង្ហាញ ដោយតំណាងថ្នាក់ដឹកនាំទាំង ១១ ការិយាល័យរួមមាន៖ ការិយាល័យផែនការ និងគាំទ្រទូទៅ, ការិយាល័យរដ្ឋបាល និងគណនេយ្យ, ការិយាល័យគាំទ្រអ្នកប្រើប្រាស់, ការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍, ការិយាល័យវិភាគធុរកិច្ច, ការិយាល័យអភិវឌ្ឍសមត្ថភាព, ការិល័យអភិវឌ្ឍន៍កម្មវិធី, ការិយាល័យគ្រប់គ្រងការផ្លាស់ប្តូរ, ការិយាល័យគ្រប់គ្រងគុណភាព, ការិយាល័យគ្រប់គ្រងព័ត៌មាន និង ការិយាល័យសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ លើវឌ្ឍនភាព, បញ្ហាប្រឈម, សំណូមពរ, គំនិតច្នៃប្រឌិត និង ទិសដៅអនុវត្តបន្ត ។ ក្នុងនោះដែរ ឯកឧត្តមអគ្គនាយក បានដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានា និង ផ្តល់ការសរសើរព្រមទាំងលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តអនុវត្តការងារឱ្យកាន់តែបុរេសកម្ម និង ទំនួលខុសត្រូវ ជាពិសេស គឺការគាំទ្រជូនដល់គ្រប់ការដ្ឋាន និង អ្នកប្រើប្រាស់ FMIS ៕