+855 23 43 00 63

26

Aug, 2022

អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំទ្រ និង ផ្តល់ធាតុចូលលើការកែសម្រួលនីតិវិធីស្តីពីការគ្រប់គ្រងកិច្ចលទ្ធកម្មក្នុងប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

តាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS, កាលពីព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ តាមប្រព័ន្ធសន្និសិទ្ធវីដេអូដោយប្រើប្រាស់កម្មវិធី Zoom ឯកឧត្តមអគ្គលេខាធិការរង និង ជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមពីឯកឧត្តម សេង ស្រេង អគ្គនាយករងនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ថ្នាក់ដឹកនាំ និង មន្រ្តីពាក់ព័ន្ធមកពីអង្គភាពលទ្ធកម្មក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមការងារនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ថ្នាក់ដឹកនាំ និង មន្រ្តីបច្ចេកទេសអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានសហការ គាំទ្រ និង ផ្តល់យោបល់ធាតុចូលច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈដើម្បីជំរុញដល់ការកែសម្រួលនីតិវិធីស្តីពីការគ្រប់គ្រងកិច្ចលទ្ធកម្មក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលជាផ្នែកមួយនៃការកែសម្រួលនីតិវិធីអនុវត្តការងារថវិកាចរន្តទាំងអស់ ។ ជារួមអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈឯកភាពលើការសិក្សារបស់ក្រុមការងារ និង ស្នើឱ្យមានការស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS នូវឯកសារកំណត់ហេតុប្រគល់ទទួលនៃកិច្ចលទ្ធកម្មដែលជាឯកសារសំខាន់ និង ជាឯកសារចុងខួបនៃការគ្រប់គ្រងកិច្ចលទ្ធកម្ម និង ការងារពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មដោយឡែក (Direct Contract) ទាំងថវិកាមូលធន និង ថវិកាចរន្ត គឺត្រូវឆ្លងមកដល់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈដែលបច្ចុប្បន្នរំហូរការងារនេះក៏មានក្នុងប្រព័ន្ធ FMIS ស្រាប់ក្នុងមុខងារលទ្ធកម្មពេញលេញ (Full Procurement) ផងដែរ ។
ក្រុមការងារកែសម្រួលនីតិវិធីអនុវត្តការងារនឹងបន្តការងារដើម្បីរៀបចំដាក់ជូនថ្នាក់ដឹកនាំសម្រេចចុងក្រោយ ដើម្បីត្រៀមសហការចងក្រង និង រៀបចំឯកសារណែនាំ នីតិវិធីអនុវត្តស្តង់ដារ (SOP) ឱ្យរួចរាល់ និង គ្រប់ជ្រុងជ្រោយមុនពេលដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថវិកាចរន្តគ្រប់មុខសញ្ញាក្នុងប្រព័ន្ធ FMIS ទាំងស្រុង ក្នុងខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន និង គ្រប់ក្រសួង-ស្ថាប័នជាបន្តបន្ទាប់ទៀត ៕