+855 23 43 00 63

12

Sep, 2019

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងអំពីការបំពាក់ជំនាញបច្ចេកទេសការងារបន្ថែមនៃប្រព័ន្ធ FMIS នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ជូនប្រធានស្ថានតំណាងថ្មីរបស់ IMF នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងជា ប្រធានស្ថានតំណាងថ្មីនៅកម្ពុជា កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលរួមមាន ការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា, កម្មវិធីកែទម្រង់អភិបាលកិច្ចសារពើពន្ធ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ដល់លោក Yasuhisa Ojima ថាយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា គួរផ្តោតលើ ៣ កម្រិត រួមមាន៖

១. ការងារដែលមានចរិតជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំសម្របសម្រួល ជាអាទិ៍ ការដឹកនាំសម្របសម្រួលការកែទម្រង់ប្រព័ន្ធថវិកា, យុទ្ធសាស្រ្តកៀរគរចំណូល, យុទ្ធសាស្រ្តនៃការកែទម្រង់លទ្ធកម្ម សាធារណៈ ។ល។

២. បំពាក់ជំនាញបច្ចេកទេសការងារ (Skill developments) បន្ថែមទៀត ចំពោះការគ្រប់គ្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដូចជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និងយន្តការតាមដាន និងវាយតម្លៃ ។ល។

៣. កម្មវិធីបណ្តុះបណ្តាលពិសេសដាច់ដោយឡែកសម្រាប់បង្កើនសមត្ថភាពជំនាញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឬដោះស្រាយបញ្ហាជាក់ស្តែងណាមួយដែលកើតមាន ឡើងក្នុងពេលអនុវត្តន៍កម្មវិធី ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានសម្រាប់ ក្របខ័ណ្ឌ និងយុទ្ធសាស្រ្តនៃការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) គួរផ្សារភ្ជាប់ និងមានសង្គតភាពជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុកម្ពុជា តែម្តង ។

លោក Yasuhisa Ojima បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបានបញ្ជាក់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ, បន្តរួមចំណែករក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, លើកកម្ពស់ សមត្ថភាពស្ថាប័ន និងមន្រ្តីជំនាញរបស់កម្ពុជា តាមរយៈការចែករំលែកពុទ្ធិ ទាំងចំណេះដឹង និងចំណេះធ្វើ ក្នុងការវាយ តម្លៃហានិភ័យក្នុង និងក្រៅ សម្រាប់រៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងបណ្តាវិធានការជាយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។