
30
Oct, 2019
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៣
នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ខប្រជុំ ដើម្បីពិនិត្យលើវឌ្ឍនភាពប្រចាំត្រីមាសទី ៣ ។
នៅក្នុងកិច្ចប្រជុំ ដែលរួមមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូប បានចែករំលែកពីសមិទ្ធផលគន្លឹះៗ នៃលិខិតបទដ្ឋានគតិយុត្ត, វឌ្ឍនភាពនៃការអនុវត្តផ្នែកនីមួយៗនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ( PFM), លទ្ធផលនៃការអនុវត្តការប្រមូលចំណូល និងចំណាយ ក្នុងរយៈពេល ៩ខែកន្លងមក នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនៅតាមក្រសួង-ស្ថាប័ន ព្រមទាំងបញ្ហាប្រឈមនានានៅក្នុងការងារការអនុវត្ត PFM ។
នៅក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី ៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឱ្យដឹងអំពីវឌ្ឍនភាពគន្លឹះៗក្នុងការពង្រឹងការអនុវត្តប្រព័ន្ធ FMIS ក្នុងនោះ បៀវត្សរ៍មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានរៀបចំតាមប្រព័ន្ធ FMIS និងបានបើកផ្តល់ចំនួន ២ដង ក្នុងមួយខែ ។ ហើយថ្នាក់ដឹកនាំ និងមន្ត្រីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ បានទទួលការបណ្តុះបណ្តាលអំពីមុខងាររបស់ប្រព័ន្ធ FMIS ដោយជោគជ័យ ។