+855 23 43 00 63

28

Aug, 2018

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ៖ យើងមិនអាចបន្ធូរដៃបានទេ ព្រោះ FMIS គឺជាឆ្អឹងខ្នងនៃការអនុវត្តថវិកាកម្មវិធី

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រទាក់ទងនឹងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយឯកឧត្តមបានបញ្ជាក់ថា “យើងត្រូវជំរុញក្នុងកិច្ចការនេះ យើងអត់អាចបន្ធូដៃបានទេ ព្រោះ FMIS គឺជាឆ្អឹងខ្នងនៃការអនុវត្តថវិកាកម្មវិធី” ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តីពី “លទ្ធផលនៃការត្រួតពិនិត្យវឌ្ឍនភាពពាក់កណ្តាលឆ្នាំ២០១៨ នៃការអនុវត្តក្របខ័ណ្ឌលទ្ធផលរបស់សហភាពអឺរ៉ុប” ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ០២រោច ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យប្រើប្រាស់យន្តការនៅក្នុងក្រុមការងារដើម្បីសម្របសម្រួលទាំងការងារបណ្តុះបណ្តាល និងការងារផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាការងារបណ្តុះបណ្តាលដល់ក្រសួង-ស្ថាប័នដែលស្នើមក ។ ឯកឧត្តមបានគូសបញ្ជាក់ថា“អីឡូវ យើងមានផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តហើយ មានផែនការសកម្មភាពសម្រាប់ធ្វើប្រចាំឆ្នាំហើយ ចឹងហើយសូមឱ្យប្រើប្រាស់យន្តការដែលយើងមានហ្នឹង ក្រុមការងារដែលយើងមានហ្នឹងដាក់នៅក្នុងហ្នឹងទៅ។ សូមពិភាក្សាគ្នាឡើងវិញ ដើម្បីពង្រឹងយន្តការហ្នឹង ហើយធ្វើយ៉ាងម៉ិចឱ្យយន្តការហ្នឹងដើរតួនាទីសម្របសម្រួលតែម្តង។ ប្រសីនបើយន្តការហ្នឹងមិនគ្រប់ អ៊ីចឹងតួអង្គដែលមានការពាក់ព័ន្ធដើរតួនាទីជាសេនាធិការក្នុងការពង្រឹងយន្តការហ្នឹង”

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS វិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឱ្យដឹងថា ក្រុមការងារ FMIS សម្រេចបានការធ្វើសន្ធានកម្មជាមួយធនាគារជាតិ ក្នុងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក (EFT) ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ ។ បន្ថែមពីនេះ ក្រុមការងារក៏បានធ្វើសន្ធានកម្មជាមួយធនាគារជាតិទាក់ទងនឹងអាត្រាប្តូរប្រាក់ផងដែរ ។ ទន្ទឹមនឹងនេះ ក្រុមការងារ FMIS បាននិងកំពុងធ្វើការពន្លឿនការធ្វើសន្ធានកម្មប្រព័ន្ធ FMIS ជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ។ ដោយឡែក ការធ្វើសន្ធានកម្មរបស់ប្រព័ន្ធ FMIS ជាមួយប្រព័ន្ធរបស់ក្រសួងមុខងារសាធារណៈមានបញ្ហាតិចតួច ពោលគឺត្រូវរង់ចាំការកែលម្អប្រព័ន្ធរបស់ក្រសួងសាមី ផ្ទាល់តែម្តង ។

យោងតាមរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តពាក់កណ្តាលឆ្នាំ២០១៨ (១/៥) របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តប្រព័ន្ធ FMIS សម្រេចបាន ៦៥% ក្នុងនោះមាន ការសម្រេចបាននូវការដំឡើងប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នទាំង១០ ដែលដាក់ដំណើរការផ្លូវការក្នុងខែមករា ឆ្នាំ២០១៨, ក្រសួង-ស្ថាប័នចំនួន១០ បន្ថែម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត ត្រូវបានជ្រើសរើសអនុវត្តប្រព័ន្ធ ក្នុងនោះមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន១២ និងក្រសួង-ស្ថាប័នថ្មីចំនួន៥ ត្រូវបានដំឡើងហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេចម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS ៕