
15
Sep, 2017
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន៖ មានតែប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសមស្របតាមឧត្តមានុវត្តជាអន្ដរជាតិទេ ដែលអាចជួយឲ្យប្រទេសកម្ពុជាសម្រេចបានគោលដៅជាសារវន្ដ
“ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់ថា គោលដៅចុងក្រោយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីរក្សាបាននូវសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាទៅមុខ តាមរយៈជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ ការធានាសមធម៌ និងការលើកស្ទួយប្រសិទ្ធភាព ដែលជាអាទិ-ភាពនៃយុទ្ធសាស្ត្រចតុកោណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា-ចក្រកម្ពុជា។ ក្នុងន័យនេះ មានតែប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសមស្របតាមឧត្តមានុវត្តជាអន្ដរជាតិទេ ដែលអាចជួយឲ្យប្រទេសកម្ពុជាសម្រេចបានគោលដៅជាសារវន្ដទាំងអស់នោះ។” នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាអន្តរជាតិស្តីពី “មេរៀន និងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៖ អភិក្រមសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា” ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
សិក្ខាសាលាអន្តរជាតិនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក និងមន្ត្រី ពីគ្រប់ ក្រសួង-ស្ថាប័ន ភ្ញៀវអន្តរជាតិ និងជំនាញការបរទេស ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា ខណៈពេលដែលកម្រិតនៃការអភិវឌ្ឍកម្ពុជាកាន់តែឈានខ្ពស់ឡើងៗ និងកាន់តែស្មុគ្រស្មាញនោះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ចាំបាច់ត្រូវវិវត្តទៅមុនឲ្យកាន់តែមានប្រសិទ្ធភាព និងមានភាពបត់បែន ដែលអាចចូលរួមចំណែកដោះស្រាយបាននូវបញ្ហាថ្មីៗ ដែលកើតមានឡើង ជាពិសេសធានាបាននូវចីរភាព ។
ស្របពេលជាមួយគ្នានេះដែរ លោកស្រី Ellen Goldstein នាយិកាស្ថានតំណាងធនាគារពិភពលោកប្រចាំតំបន់ (កម្ពុជា មីយ៉ាន់ម៉ា និងឡាវ) ក៏បានទទួលស្គាល់ពីសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំលើកិច្ចការងារកែទម្រង់នេះ ។ លោកស្រី បានបញ្ជាក់ថា កម្ពុជាធ្លាប់ជាប្រទេសដែលពឹងផ្អែកលើហិរញ្ញប្បទានខាងក្រៅសម្រាប់ការអនុវត្តចំណាយរដ្ឋ ប៉ុន្តែចាប់តាំងពីប្រព័ន្ធកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចាប់ផ្តើមអនុវត្ត និងពង្រឹងជាបន្តបន្ទាប់មក កម្ពុជាមានលទ្ធភាពប្រមូលចំណូលក្នុងស្រុកកាន់តែប្រសើររហូតឈានទៅរកអតិរេកសាច់ប្រាក់ ព្រមទាំងចាប់ផ្តើមមាន ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ថែមទៀត។