+855 23 43 00 63

9

Jul, 2018

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប៖ នៅដើមឆ្នាំ២០១៩ យ៉ាងហោចណាស់អគ្គនាយកដ្ឋានមួយចំនួននៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងសាកល្បងឈប់ប្រើប្រាស់ឯកសារ Hard Copy គឺប្រើប្រព័ន្ធ FMIS តែមួយគត់

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានលើកឡើងថា នៅដើមឆ្នាំ២០១៩ ខាងមុខនេះ យ៉ាងហោចណាស់នៅអង្គភាពថវិកា និងអគ្គនាយកដ្ឋានមួយចំនួនរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងសាកល្បងប្រើប្រាស់ប្រព័ន្ធ FMIS តែមួយគត់ ដោយមិនចាំបាច់ប្រើប្រាស់ឯកសារ Hard Copy ឬក្រដាសស្នាមទៀតឡើយ ពោលគឺត្រូវបញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រទាំងអស់ ។ ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ដំណាក់កាលទី៣) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដែលមានមន្ត្រីចូលរួមប្រមាណ ៣០៧ រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានសាធារណៈរដ្ឋបាល និងតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ (EU, UNICEF, ADB, WB) ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់បន្ថែមផងដែរ ជុំវិញកត្តាដែលធ្វើឱ្យការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទទួលបានជោគជ័យនោះគឺ ត្រូវការការចូលរួមអនុវត្តយ៉ាងសកម្មទាំងអស់គ្នារបស់មន្ត្រីពាក់ព័ន្ធ ។ ឯកឧត្តមមានប្រសាសន៍ថា “ខ្ញុំរីករាយដោយសារយើងចាប់ផ្តើមជាបន្តបន្ទាប់រហូតមក ដោយមានការចូលរួមទាំងអស់គ្នា [ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកពាក់ព័ន្ធ] ហើយការចូលរួមនេះ ចូលរួមទាំងមានការយល់ដឹងពីសារប្រយោជន៍ ពីផលប្រយោជន៍ដែលទទួលបានពីកិច្ចការទាំងនេះ [ការទទួលបានពីការប្រើប្រាស់ប្រព័ន្ធ FMIS] កន្លងមក ដែលធ្វើឱ្យយើងទទួលបានជោគជ័យ។  ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ទទួលបានជោគជ័យ គឺអាស្រ័យលើការចូលរួមទាំងអស់គ្នា ។ កត្តាចូលរួម គឺជាកត្តាសំខាន់បំផុត។

លោកស្រី ស៊ឹង សុធារី អនុប្រធានការិយាល័យហិរញ្ញកិច្ចនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងចំណាប់អារម្មណ៍នៅក្នុងសិក្ខាសិលានេះផងដែរថា លោកស្រី ក៏ដូចជាមន្ត្រីផ្សេងទៀតនៅក្នុងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ពេញចិត្តក្នុងការអនុវត្តប្រព័ន្ធ FMIS ដែលក្រសួងលោកស្រីមិនធ្លាប់មានកន្លងមក ។ លោកស្រីបានបន្តថា មន្រ្តីពាក់ព័ន្ធនៅក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នឹងបន្តខិតខំប្រឹងប្រែងអនុវត្តប្រព័ន្ធ FMIS ដើម្បីឱ្យស្របតាមការវិវឌ្ឍរបស់បច្ចេកវិទ្យាសម័យទំនើបនាពេលបច្ចុប្បន្ន ព្រមទាំងដើម្បីគណនេយ្យភាព, តម្លាភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅប្រទេសកម្ពុជា ។

ក្នុងឱកាសនោះដែរ មន្រ្តី និងថ្នាក់ដឹកនាំដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS សរុប ១៧៣ រូប ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នចំនួន១០ និងអាណាប័កផ្ទេរសិទ្ធិរបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រើប្រាស់ប្រព័ន្ធនាដើមឆ្នាំ២០១៨ ក៏បានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផ្នែកព័ត៌មានវិទ្យាលើមុខជំនាញបច្ចេកទេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយសកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ដែលជាដៃគូរបស់ក្រុមហ៊ុន Oracle) កាលពីខែធ្នូ ឆ្នាំ២០១៧។

គួរបញ្ជាក់ជូនផងដែរថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS នឹងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន១០ ផ្សេងទៀត និងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ ៕