+855 23 43 00 63

23

Sep, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជួបតំណាងធនាគារពិភពលោក និងសហគមន៍អ៊ឺរ៉ុប ពិភាក្សាអំពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងធនាគារពិភពលោក (World Bank) និងសហគមន៍អ៊ឺរ៉ុបនៅថ្ងៃ ចន្ទ ១០រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ក្នុងគោលបំណងពិភាក្សាអំពីការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS ពិសេសផ្តោតទៅលើការគ្រប់គ្រងការផ្លាស់ប្តូរ។

ថ្លែងក្នុងកិច្ចប្រជុំទៅកាន់ទីប្រឹក្សាធនាគារពិភពលោក និង សហគមន៍អ៊ឺរ៉ុប ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប  បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ពិតជាមានសេចក្តីរីករាយ ដែលបានសង្កេតឃើញក្រសួង-ស្ថាប័ន មានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS តាំងពីជំហានទី១ រហូតដល់ជំហានទី ២ ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍បន្ថែមថា សម្រាប់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន គឺជាការផ្លាស់ប្តូរដ៏មានសារសំខាន់សម្រាប់មន្ត្រីរាជការដែលអាចប្រែក្លាយការអនុវត្តនីតិវីធីនៃការធ្វើការដោយដៃ មកជាការប្រើប្រាស់ប្រព័ន្ធទំនើបកម្ម ។

ធនាគារពិភពលោក នឹងជួយប្រឹក្សា និងតម្រង់ទិសបន្ថែមលើការងារគ្រប់គ្រងការផ្លាស់ប្តូរក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យចំគោលដៅ និងសមស្របទៅកាន់ក្រសួង-ស្ថាប័ន ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMISពិសេសលើការកែសម្រួលនីតិវិធីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា បេសកកម្មនេះមានរយៈពេលពីរសប្តាហ៍ នឹងគ្រោងជួបជាមួយក្រសួង-ស្ថាប័នដែលបានអនុវត្តប្រព័ន្ធ FMIS កាលពីឆ្នាំ ២០១៨ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង រុក្ខាប្រមាញ់ និង ក្រសួងសុខាភិបាល ដើម្បីស្វែងយល់បន្ថែមពីការអនុវត្ត ក៏ដូចជាតម្រូវការក្នុងការអនុវត្តប្រព័ន្ធ FMIS៕