
17
Sep, 2019
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំក្រុមការងារ FMIS ធ្វើទស្សនកិច្ចសិក្សានៅប្រទេស ស៊ុយ អែត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ធ្វើទស្សនកិច្ចសិក្សានៅប្រទេសស៊ុយ អែត ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹងនិងសិក្សាអំពីបទពិសោធន៍ល្អៗទាក់ទងនឹងការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស៊ុយអែត ។ នៅក្នុងទស្សនកិច្ចសិក្សានាថ្ងៃទី១ ពោលគឺនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបជាមួយភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលនៃប្រទេស ស៊ុយ អែត ដែលហៅថា The Swedish National Financial Management Authority (ESV) ។ ESV ដើរតួនាទីយ៉ាងសំខាន់ជួសមុខឱ្យរាជរដ្ឋាភិបាលរបស់ប្រទេស ស៊ុយ អែត ក្នុងការតាមដាន គាំទ្រ និងវាយតម្លៃលើសមិទ្ធកម្មរបស់ភ្នាក់ងាររដ្ឋាភិបាល ដែលអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាគ្រប់គ្រងប្រព័ន្ធ HERMES របស់រាជរដ្ឋាភិបាលស៊ុយ អែត ជាដើម។
គួរបញ្ជាក់ថា ប្រទេស ស៊ុយ អែត ចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តន៍ តាមរយៈការផ្តល់កិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ក៏ដូចជា បច្ចេកទេស មានជាអាទិ៍ដល់កម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ចាប់តាំងពីដំណាក់កាលទី ១ មក ពិសេសការងារកែទម្រង់វិស័យពន្ធដារជាដើម។
ជាក់ស្តែង នៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅកម្ពុជា ខណៈដែលលោកស្រីបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កន្លងមក ក៏បានផ្តោតលើការបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស៊ុយអែត ដោយនៅក្នុងជំនួបពិភាក្សា បានផ្តោតលើការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ នៅពេលដែលកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឲ្យអនុវត្តន៍ និងពង្រីកទៅតាមក្រសួង-ស្ថាប័នផ្សេងៗ តម្លាភាព និងគណនេយ្យភាព នឹងកើតមានឡើងនៅក្នុងការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា ។