
9
Oct, 2019
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ៖ ព័ត៌មានគឺជាអំណាច
“ព័ត៌មានគឺជាអំណាចបើសិនជាយើងចេះប្រើប្រាស់ និងវិភាគព័ត៌មាននោះឱ្យចំគោលដៅ ។ តួយ៉ាងអ្វីដែល ប្រព័ន្ធ FMIS អាចផ្តល់ជូនក្រៅពីគណនេយ្យភាព និងតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នោះគឺការដែល អាចផ្តល់ជូននូវរបាយការណ៍តាមរយៈចំណាត់ថ្នាក់ថវិកា (វិស័យ/ប្រភេទចំណាយ) ដែលក្រសួង-ស្ថាប័នអាចទទួលបានទៅតាមតម្រូវការរបស់ខ្លួន”។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងកម្មវិធី “ការចែករំលែកគន្លឹះសំខាន់ៗក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន” កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៩។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថាការផ្លាស់ប្តូរគឺកំពុងតែកើតមានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយការផ្លាស់ប្តូរនេះកំពុងតែឆ្ពោះទៅរកការផ្លាស់ប្តូរមួយដែលនាំមកនូវ ប្រសិទ្ធិភាព តម្លាភាព និង គណនេយ្យភាព នៅពេលដែលប្រព័ន្ធ FMIS ត្រូវបានប្រើប្រាស់ពេញលេញ។
ឯកឧត្តមមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ក្នុងនាមឯកឧត្តមផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំផ្សេងៗឆ្លងកាត់ការធ្វើការអស់រយៈពេលជាង២០ឆ្នាំកន្លងមក ឯកឧត្តម ធ្លាប់ជួបការលំបាកខ្លាំងក្នុងការស្វែងរកព័ត៌មាន និងរបាយការណ៍ផ្សេងៗឱ្យបានទាន់ពលវេលា។ ឧទាហរណ៍៖ បើយើងចង់ដឹងពីជំនួយបរទេស ពេលនោះយើងមិនអាចបូកសរុបតួរលេខបានភ្លាមៗនោះទេ ព្រោះមិនមានប្រព័ន្ធសម្រាប់គ្រប់គ្រងព័ត៌មានទាំងនោះ។
ក្នុងកម្មវិធីដដែលនោះ លោកស្រី សួង ម៉ារ៉ាដា ជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ប្រចាំក្រសួងកិច្ចការនារី ក៏បានលើកឡើងថា លោកស្រីពិតជាទទួលស្គាល់ថាប្រព័ន្ធ FMIS បានផ្តល់នូវរបាយការណ៍ដ៏មានសារៈសំខាន់ សម្រាប់ខ្លួនផ្ទាល់ដែលជាអ្នកប្រើប្រាស់ក្នុងការរាយការណ៍ជូនថ្នាក់ដឹកនាំនូវចំណាយដែលក្រសួងបានចំណាយ និងអាចគ្រប់គ្រងថវិកាដែលនៅសល់។
ដូចគ្នានេះដែរ លោក គាន់ បញ្ញាពិសិទ្ធ អ្នកប្រើប្រាស់មកពីខាងអគ្គនាយកដ្ឋានពន្ធដារ ក៏បានលើកឡើងថាលោក លោកក៏ពិតជាទទួលបានអត្ថប្រយោជន៍ពីរបាយការណ៍ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំដាក់ឱ្យប្រើប្រាស់ ដែលលោកមានលទ្ធភាពក្នុងការផ្ទៀងផ្ទាត់ជាមួយសាលកបត្រចំណូលរបស់លោក និងអាចរកឃើញនូវចំណុចខ្វះចន្លោះផងដែរ។ លើសពីនេះទៅទៀត លោកក៏អាចពិនិត្យមើលបានយ៉ាងទាន់ពេលវេលានូវព័ត៌មានចំណូលពន្ធដារថ្នាក់ជាតិសរុបផងដែរតាមរយៈការប្រើប្រាស់ប្រព័ន្ធ FMIS នេះ។