
19
Sep, 2018
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងស្តីពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈផ្តោតលើការអនុវត្តគម្រោង FMIS
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលជួបពិភាក្សាការងារជាមួយជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិលោក Holger Van Eden ទីប្រឹក្សាផ្នែកកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈប្រចាំតំបន់អាស៊ីអាគ្នេយ៍រួមជាមួយសហការី ស្តីពីរបាយការណ៍បិទបញ្ចប់បេសកកម្មទី៥ ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាពិសេសការអនុវត្តគម្រោង FMIS កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងមូលនិធិវូបិយវត្ថុអន្តរជាតិបានព្រមព្រៀងលើការងារមួយចំនួនដែលត្រូវអនុវត្តរួមគ្នា ដោយមានកិច្ចសហការគាំទ្រផ្នែកបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិលើផែនការអនុវត្តបន្តគម្រោង FMIS ការកែសម្រួលនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ និងគោលការណែនាំសម្រាប់ស្តង់ដារគណនេយ្យជាដើម។
នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានទទួលជួបភ្នាក់ងារអភិវឌ្ឍន៍បារាំង ផ្នែកកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំងធ្វើការចែករំលែកបទពិសោធន៍ពីការកែទម្រង់ប្រព័ន្ធថវិកា និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការទូទាត់របស់រាជរដ្ឋាភិបាល ៕