+855 23 43 00 63

15

Sep, 2023

នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន CFOCN បានសម្តែងឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគម្រោង MEF Intranet បានទទួលជួបពិភាក្សាជាមួយលោកស្រី Dong HE នាយកប្រតិបត្តិថ្មី នៃក្រុមហ៊ុន CFOCN ។

លោកស្រីនាយកប្រតិបត្តិក្រុមហ៊ុន Cambodia Fiber Optic Communication Network Co.,Ltd (CFOCN) បានរាយការណ៍ជូនអង្គប្រជុំថា លោកស្រីត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មី បន្ទាប់ពីក្រុមហ៊ុន CFOCN បានរៀបចំកែសម្រួលរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ។ ជាមួយនេះ, លោកស្រីនាយកប្រតិបត្តិ បានសម្តែងឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (MEF) និង ក្រុមហ៊ុន CFOCN ដោយផ្អែកលើកិច្ចសន្យា ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួង ក្នុងវិស័យរដ្ឋាភិបាលឌីជីថល ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មី ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ មានជំនឿថា ក្រោមការដឹកនាំរបស់លោកស្រីនាយកប្រតិបត្តិថ្មី ក្រុមហ៊ុន CFOCN នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើង ជាពិសេស ក្នុងការបន្តផ្តល់បណ្តាញខ្សែកាបិ៍ឆ្អឹងខ្នង (Fiber Optics) ក្រោមដី ដល់អតិថិជនរបស់ខ្លួន ក៏ដូចជាគម្រោង MEF Intranet ៕