
15
Sep, 2023
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបឯកឧត្តម Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា
នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបឯកឧត្តម Oleksandr GAMAN ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលបានឆ្លៀតពេលមកជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកកម្ពុជា ដើម្បីជូនសារតាំងចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និង កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ។
ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បរិយាកាសវិនិយោគរបស់កម្ពុជា ដែលមានលក្ខណៈបើកចំហ និង អំណោយផល ចំពោះវិនិយោគិន ជាពិសេសវិនិយោគិនបរទេស, ក្របខណ្ឌគោលនយោបាយ, កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច, និង កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វឌ្ឍនភាពនៃការអនវុត្តគម្រោង FMIS ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿន និង ជំរុញកម្មវិធីកែទម្រង់នេះ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលបានទទួលជួបគណៈប្រតិភូអ៊ុយក្រែន ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ឱ្យដំណើរការនូវកម្មវិធីតាមទូរសព្ទចល័ត (Diia) ដែលអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែន អាចប្រើប្រាស់ឯកសារឌីជីខលតាមរយៈទូរសព្ទចល័ត សម្រាប់ការកំណត់អត្តសញ្ញាណ និង ការចែករំលែកឯកសារ ជំនួសឱ្យការប្រើប្រាស់ឯកសារជាក្រដាស ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគណៈប្រតិភូអ៊ុយក្រែន បន្តផ្តល់អាទិភាពលើការសិក្សាអំពីកាលានុវត្តភាពធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញការពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យាព័ត៌មាន ឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ៕