+855 23 43 00 63

1

Nov, 2022

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជួបជាមួយជំនាញការ IMF ដើម្បីពិភាក្សាអំពីនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជាមួយជំនាញការទីប្រឹក្សាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោកស្រី Delphine Moretti ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិថ្នាក់តំបន់ប្រចាំអាស៊ីអាគ្នេយ៍ និង មានការចូលរួមពី លោក Suhas Joshi ទីប្រឹក្សាថ្នាក់តំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិផ្នែករតនាគារ, លោក Kris Kauffmann អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និង ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិលើកទី ១៣ នេះ ដើម្បីផ្តល់ជំនួយបច្ចេកទេសគាំទ្រដល់ដំណើរការអនុវត្តគម្រោង FMIS ពិសេសផ្តោតលើការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, ការព្យាករណ៍សាច់ប្រាក់ និង របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS ។ ថ្លែងក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជម្រាបជូនភាគីមូលនិធិរូបិយវត្ថុអន្តរជាតិពីបច្ចុប្បន្នភាពដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង​ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ កាលពីពាក់កណ្តាលខែ តុលា ឆ្នាំ ២០២២ ថ្មីៗនេះ ដែលបានបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើកែលម្អគុណភាពសេវាសាធារណៈក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់តាមផែនការ និង គោលដៅ ។

ជាការឆ្លើយតបតំណាង IMF បានទទួលយកអនុសាសន៍ល្អៗពី ឯកឧត្តមបណ្ឌិតសភាចារ្យ ក្នុងការពិនិត្យវាយតម្លៃលើការអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការផ្ដល់អនុសាសន៍លើនីតិវិធីបុរេប្រទាន, ការសិក្សាវាយតម្លៃលើការងារព្យាករសាច់ប្រាក់របស់រាជរដ្ឋាភិបាល ។ លើសពីនេះ IMF ក៏បានស្នើសុំចូលរួមក្នុងការផ្ដល់ជាធាតុចូលលើការអភិវឌ្ឍ និង ការអនុវត្តមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ឆ្នាំ ២០២៣ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលតែងជួយគាំទ្រដល់ការអនុវត្តគម្រោង FMIS និង បានផ្តាំផ្ញើដល់ក្រុមបេសកកម្មការក្នុងការស្វែងយល់ពីការយល់ឃើញ, កម្រិតនៃការប្ដេជ្ញាចិត្ត និង ការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង-ស្ថាប័នលើការអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង​​ ។