+855 23 43 00 63

15

Jan, 2024

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបប្រធានអគ្គនាយកក្រុមហ៊ុន HyalRoute Communication Group

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបលោក Huang Xinglong ប្រធានអគ្គនាយកក្រុមហ៊ុន HyalRoute Communication Group និង លោក He Leping ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CFOCN ។

លោក Huang បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតែងតែគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញតភ្ជាប់របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០០៦ ។ ជាមួយនេះ, លោក Huang បានរាយការណ៍អំពីស្ថានភាពនៃអាជីវកម្មទូទៅរបស់ក្រុមហ៊ុន ព្រមទាំងបានធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដីរបស់ក្រុមហ៊ុន ។ លោក បានបញ្ជាក់ជាថ្មី អំពីគោលជំហររបស់ក្រុមហ៊ុនមេ HyalRoute Communication Group និង ក្រុមហ៊ុន CFOCN ក្នុងការប្តេជ្ញាបន្តដំណើរការគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំហានទី២ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការសាទរចំពោះភាពប្រសើរឡើងវិញជាបណ្តើរៗ នៃអាជីវកម្មរបស់ក្រុមហ៊ុន និង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការវិនិយោគបណ្ដាញខ្សែកាប្លិ៍ក្រោមដីរបស់ក្រុមហ៊ុន ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រុមហ៊ុនឱ្យខិតខំពន្លឿនការងារអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបណ្ដាញខ្សែកាប្លិ៍ក្រោមដី និង កំណត់យកបណ្ដាការដ្ឋាន ដែលកំពុងមានតម្រូវការខ្ពស់មកធ្វើជាអាទិភាព ជាពិសេសការងារអនុវត្តគម្រោងបណ្ដាញតភ្ជាប់ផ្ទៃក្នុងរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំហានទី២ សំដៅគាំទ្រដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈនានារបស់ក្រសួង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕