+855 23 43 00 63

11

Oct, 2023

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងពាណិជ្ជកម្មបារីខុសច្បាប់ ដោយបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ដែលដឹកនាំដោយលោក Roy Manlili អគ្គនាយកក្រុមហ៊ុន JTI និង សហការី ដែលជាតំណាងមកពីក្រុមហ៊ុនថ្នាំជក់ដទៃទៀត ។

លោក Roy Manlili បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសម្របសម្រួល និង ចូលរួមដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានារបស់វិស័យឯកជន ក្នុងការសម្រួលដល់ការវិនិយោគ, ធុរកិច្ច និង អនុលោមភាពច្បាប់ ។ ជាមួយគ្នានេះ, វិស័យឧស្សាហកម្មថ្នាំជក់ បានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មបារីខុសច្បាប់នៅក្នុងទីផ្សារកម្ពុជា ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការស្វាគមន៍ និង បានវាយតម្លៃខ្ពស់ដល់កិច្ចប្រឹងប្រែងរបស់សមាគមថ្នាំជក់កម្ពុជា ដែលតែងចូលរួមសហការល្អជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ចរាចរណ៍បារីខុសច្បាប់នៅកម្ពុជា ។
ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនសមាគមអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងពាណិជ្ជកម្មបារីខុសច្បាប់ ដោយបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាបន្តការសិក្សាស្រាវជ្រាវអំពីពាណិជ្ជកម្មបារីខុសច្បាប់ដែលមានលក្ខណៈវិទ្យាសាស្រ្ត ក្នុងការអប់រំ និង លើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយបារីខុសច្បាប់ ៕