
7
Jun, 2016
សុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ក្នុងសិក្ខាសាលាស្ដីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២នៅតាមក្រសួង-ស្ថាប័ន”
អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ៖ វឌ្ឍនភាពជាងពីរឆ្នាំក្រោយការដាក់ឱ្យអនុវត្តគម្រោង FMIS
ក្រោយពេលគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ មក លទ្ធផលជាក់ស្ដែងជាច្រើនបានបង្ហាញ ក្នុងរូបរាងជាសមិទ្ធផល ដោយក្នុងនោះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់តាមបណ្ដាអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនានានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត ។
ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងជារបាយការណ៍ថា ក្នុងកំឡុងពេលជាងពីរឆ្នាំកន្លងមកនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភាគីពាក់ព័ន្ធពី អគ្គ-នាយកដ្ឋានពាក់ព័ន្ធគន្លឹះជាច្រើនក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជំនះការលំបាក និងឧបសគ្គនានា រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសគឺការសម្រេចចេញជារូបរាងនៃប្រព័ន្ធ FMIS ។
ក្នុងនាមជាអ្នកអនុវត្តប្រព័ន្ធផ្ទាល់ ឯកឧត្តមអគ្គនាយករតនាគារជាតិបានបង្ហាញនូវជំនឿយ៉ាងមុតមាំចិត្តថា ប្រព័ន្ធ FMIS នឹងបម្រើប្រយោជន៍ និង ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន ក្នុងប្រតិបត្តិការហិរញ្ញវត្ថុរវាងសាមីក្រសួង ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង បានបញ្ជាក់បន្ថែមថាការអនុវត្តគម្រោង FMIS គឺជាការសម្រេចចិត្តរួមរបស់រាជរដ្ឋាភិបាល ក្នុងបំណងជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។
នៅចុងបញ្ចប់ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តគម្រោង FMIS នឹងមិនអាចសម្រេចទៅបានប្រសិនបើ ពុំមានកិច្ចសហការពីក្រសួង-ស្ថាប័នទាំងអស់ ដែលត្រូវរួមដំណើរជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយភាពអត់ធ្មត់, ឆន្ទៈ, និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចនូវវត្ថុបំណងរួមនៃរាជ-រដ្ឋាភិបាល ។
គួរបញ្ជាក់ថា គិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ដោយបញ្ចូលមុខងារសំខាន់ៗចំនួន ៥ ក្នុងចំណោមមុខងារទាំង៦របស់ប្រព័ន្ធFMIS ដែលរួមមាន មុខងារវិភាជន៍ថវិកា មុខងារទិញ មុខងារគណនីត្រូវសង មុខងារគណនីត្រូវទារ មុខងារគ្រប់គ្រងសាច់ប្រាក់ និងមុខងារសៀវភៅធំ ៕