+855 23 43 00 63

11

Oct, 2023

ក្រុមហ៊ុន HEINEKEN (Cambodia) បានបង្ហាញនូវគោលបំណងក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានទទួលជួបពិភាក្សាការងារជាមួយលោក Andy Hewson អគ្គនាយកថ្មី របស់ក្រុមហ៊ុន HEINEKEN (Cambodia) Co., Ltd និង សហការី លោកស្រី Anne de Graaf ។

ក្នុងជំនួបនោះ, លោកអគ្គនាយក បានគោរពរាយការណ៍ជូនអង្គជំនួបពិភាក្សា អំពីទិដ្ឋភាព និង ទិសដៅជារួមរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញនូវគោលបំណងក្នុងការស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការពិភាក្សាលើលទ្ធភាពនៃកិច្ចសហការ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រុមហ៊ុន HEINEKEN (Cambodia) នាពេលអនាគត ។

ជាបឋម, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរចំពោះលោក Andy Hewson ដែលត្រូវបានតែងតាំងជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុន ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនថ្នាក់ដឹកនាំក្រុមហ៊ុន អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និតីកាលទី ៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ និង ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការណែនាំអំពីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលបានចូលជាធរមានក្នុងពេលថ្មីៗនេះ ដោយសង្កត់ធ្ងន់ថា ច្បាប់វិនិយោគថ្មីនេះ បានលើកកម្ពស់បរិយាកាសវិនិយោគ និង ទាក់ទាញការវិនិយោគ ជាមួយនឹងការកែលម្អប្រសិទ្ធភាពផ្នែកនីតិវិធី និង រដ្ឋបាល ជាពិសេស ការផ្តល់ការលើកទឹកចិត្តវិនិយោគបន្ថែម ច្រើនជាង និង ទូលំទូលាយជាងមុន ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការគាំទ្រ និង បានជំរុញឱ្យភាគីក្រុមហ៊ុន និង ក្រុមការងារក្រសួង ឱ្យធ្វើការពិភាក្សា និង សិក្សាស៊ីជម្រៅលើលទ្ធភាពនៃកិច្ចសហការ សំដៅធ្វើឱ្យកិច្ចសហការនេះ អាចលេចចេញជារូបរាង ក្នុងពេលឆាប់ៗ ៕