
23
Jul, 2019
ការដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធជំនួយគាំទ្រ” ជាផ្លូវការ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយស សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ នៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធ, រតនាគាររាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ជ្រាបថា នាពេលកន្លងមក យន្តការគាំទ្រ និង ដោះស្រាយបញ្ហានានាជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS តាមរយៈការទំនាក់ទំនងតាមទូរស័ព្ទ, ក្រុម Telegram និង ប្រព័ន្ធ OS Ticket ជាយន្តការដែលបានជ្រើសរើសសម្រាប់ដោះស្រាយជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជាបណ្តោះអាសន្ន ។ បច្ចុប្បន្ន “ប្រព័ន្ធជំនួយគាំទ្រ” ថ្មី ដែលមានឈ្មោះថា “PK-THE HELPER” ត្រូវបានអភិវឌ្ឍរួចរាល់ សម្រាប់ប្រើប្រាស់ជាជំនួយគាំទ្រ ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការកែលម្អ និង ដោះស្រាយបញ្ហាគ្រប់កម្រិត និង មានការគ្រប់គ្រងច្បាស់លាស់ស្របតាមស្តង់ដារអន្តរជាតិ និង ឧត្តមានុវត្តន៍ ។ ក្នុងន័យនេះ ដើម្បីជួយគាំទ្រ និង ដោះស្រាយបញ្ហានានា ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបញ្ចប់ការប្រើប្រាស់ប្រព័ន្ធ OS Ticket (ប្រព័ន្ធជំនួយគាំទ្រចាស់) និងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធជំនួយគាំទ្រ (PK-THE HELPER)” ជាផ្លូវការ ចាប់ពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ នេះ តទៅ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ជ្រាបជាព័ត៌មាន ។ ក្នុងករណីត្រូវការព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងមកមន្រ្តីទទួលបន្ទុកតាមរយៈទូរស័ព្ទលេខ ០២៣ ៤៣០ ០៦៣ នៅរៀងរាល់ម៉ោងធ្វើការ ។
ដើម្បីប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ “PK-THE HELPER” សូមចូលទៅកាន់ដំណភ្ជាប់នេះខាងក្រោមនេះ ៖
https://helpdesk.mef.gov.kh/web/login
បញ្ជាក់៖ ដំណភ្ជាប់នេះ (បច្ចុប្បន្ន) អាចប្រើបានតែកុំព្យូទ័រមានភ្ជាប់ប្រព័ន្ធ FMIS តែប៉ុណ្ណោះ ។