+855 23 43 00 63

29

May, 2024

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីពិនិត្យ ពិភាក្សា និង វាយតម្លៃលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំដោយផ្ទាល់ កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាព្រឹកថ្ងៃ ពុធ ៧រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស . ២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ ដែលមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន , តំណាងស្ថាប័ន , តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈកម្មវិធី Zoom សរុបប្រមាណជិត ៤០០ រូប ។

ក្នុងអង្គប្រជុំទាំងមូលផ្តោតទៅលើ ការវាយតម្លៃរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤ នៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៤ និង ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។ ជាមួយគ្នានេះ , អង្គប្រជុំក៏បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ផ្តោតសំខាន់ទៅលើ ការធ្វើស្វ័យប្រវត្តិកម្ម និង ពង្រីកការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ( FMIS) ទៅដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី ពោលគឺ ការប្រើប្រាស់ FMIS ជំនាន់ថ្មី ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ ក្រុមការងារគ្រប់គ្រងគម្រោង  FMIS សម្រេចបាន ៩៥% ធៀបនឹងសូចនាករដែលបានដាក់ឱ្យអនុវត្ត ដែលក្នុងនោះវឌ្ឍនភាពគន្លឹះៗរួមមាន៖ នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈ និង នីតិវិធីចំណាយនិងចលនាឥណទានថវិកាចរន្តតាម  FMIS ទាំងស្រុង ដែលត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ទៅកាន់ក្រសួងស្ថាប័នមួយចំនួន រួចរាល់ជាស្ថាពរ ។ បន្ថែមពីនេះ , មុខងារស្នូលរបស់ FMIS បាន និង កំពុងអនុវត្តនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន ៤៤ និង ត្រៀមដាក់ឱ្យដំណើរការទៅអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាល និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាបន្តបន្ទាប់ទៀត ។ តាមរយៈរបាយការណ៍វាយតម្លៃលើការអនុវត្ត FMIS បានបង្ហាញឱ្យឃើញថា ការអនុវត្ត FMIS គឺសម្រេចបានតាមសូចនាករដែលបានដាក់ចេញកាលពីដើមឆ្នាំ ។

ជាការសន្និដ្ឋានរួម, ការអនុវត្ត FMIS បាននិងកំពុងបន្តវឌ្ឍនភាពល្អជាបណ្តើរៗ តាមរយៈការពង្រីកវិសាលភាពនៃការប្រើប្រាស់ និង របាយការណ៍ហិរញ្ញវត្ថុរៀបចំទាន់ពេលវេលា, រក្សាបាននូវគុណភាព និង ស្របតាមស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និង គណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន ជាពិសេសនឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់ ។

ជាទីបញ្ចប់ , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង ក្រុមការងារពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ និង បុរេសកម្ម ដោយទទួលបានប្រសិទ្ធភាពគួរកត់សម្គាល់ និង ណែនាំឱ្យក្រុមការងារពាក់ព័ន្ធព្យាយាមយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីកែលម្អទៅលើចំនុចខ្វះខាតនៅក្នុងប្រព័ន្ធ ៕