
3
May, 2021
របៀបទាញយករបាយការណ៍សម្រង់អាណត្តិសម្រាប់ក្រសួងស្ថាប័ន និងមន្ទីរ នៅក្នុងប្រព័ន្ធ FMIS
បច្ចុប្បន្នប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមបណ្តាក្រសួង-ស្ថាប័ន, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ, បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្តារតនាគាររាជធានី-ខេត្តទាំង២៥ បានរួចរាល់ ។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមបណ្តាក្រសួង-ស្ថាប័ន និងមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ខេត្តអាចត្រួតពិនិត្យថវិកាមុននឹងចុះប្រតិបត្តិការកត់ត្រាចលនាឥណទាន, ធានាចំណាយមិនមែនកិច្ចលទ្ធកម្ម, ធានាចំណាយកិច្ចលទ្ធកម្មនិងអាណត្តិ និងអាចទាញរបាយការណ៍ចេញពីប្រព័ន្ធ FMIS តាមតម្រូវការថែមទៀតផង ។ លើសពីនេះទៀត ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានសិក្សាអំពីតម្រូវការ និងប្រមូលនូវធាតុចូលនៃការចុះអាណត្តិនៅក្នុងប្រព័ន្ធពីអ្នកប្រើប្រាស់ ព្រមទាំងបានអភិវឌ្ឍរបាយការណ៍សម្រង់អាណត្តិសម្រាប់បណ្តាក្រសួង-ស្ថាប័ន និងបណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ។ ជាលទ្ធផលក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំរបាយការណ៍សម្រង់អាណត្តិ (R33) ដែលជារបាយការណ៍សម្រង់យកនូវរាល់ប្រតិបត្តិការអាណត្តិទាំងអស់ដែលបានកត់ត្រាចូលទៅក្នុងប្រព័ន្ធ FMIS ព្រមទាំងមានការកំណត់លក្ខខណ្ឌចាប់យកទិន្នន័យរបស់ប្រតិបត្តិការអាណត្តិចាប់ពីកាលបរិច្ឆេទចេញពីអង្គភាពសាមីរហូតដល់អគ្គនាយកដ្ឋានរតនាគារជាតិ ក៏ដូចជារតនាគាររាជធានី-ខេត្តផងដែរ ។ ក្នុងន័យនេះ នៅពេលដែលបណ្តាក្រសួង-ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត បានបញ្ចប់ការអនុម័តលើប្រតិបត្តិការអាណត្តិរបស់ខ្លួនគឺជាចំណាយរបស់អាណត្តិដែលចេញពីអង្គភាពសាមី ។
ក្រោយពីក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសិក្សានិងប្រមូលធាតុចូលពីរបាយការណ៍សម្រង់អាណត្តិសម្រាប់បណ្តាក្រសួង-ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត បានបែងចែកទិន្នន័យជា ២ ផ្នែកដូចជា៖
១. ទិន្នន័យចំណាយរបស់អាណត្តិចេញបណ្តាក្រសួង-ស្ថាប័ន និង បណ្តាអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ ។
២. ទិន្នន័យចំណាយរបស់អាណត្តិចេញពីបណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ។
បន្ថែមពីនេះទៅទៀត ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបែងចែករបាយការណ៍សម្រង់អាណត្តិជា ២ កម្រិត ដូចជា៖ របាយការណ៍សម្រង់អាណត្តិលម្អិតដល់អនុគណនី, ចង្កោមសកម្មភាព និង របាយការណ៍សម្រង់អាណត្តិសង្ខេបតាមជំពូក ។
ក្នុងន័យនេះ ដើម្បីបង្កភាពងាយស្រួលដល់ការប្រើប្រាស់របាយការណ៍ក្នុងប្រព័ន្ធ FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំរបៀបទាញយករបាយការណ៍សម្រង់អាណត្តិ (R33) សម្រាប់បណ្តាក្រសួង-ស្ថាប័ន និងបណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីប្រព័ន្ធ FMIS មានដូចជូនភ្ជាប់តាមរយៈ Link ខាងក្រោម៖